ភ្នំពេញៈ ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនជាតិចិន បានសម្រេច ខណៈពេលដែលជនជាតិចិន កំពុងតែដើរតាមផ្លូវ ហើយជិះរត់គេចទៅបុកជាមួយរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យដួល គ្រានោះជនសង្ស័យបាននាំគ្នារត់ឡើងម៉ូតូបក្ខពួករួចមិនថាលឿនជិះរត់គេចបាត់សម្រស់ពីកន្លែងកើតហេតុ បន្សល់ទុកតែម៉ូតូហុងដាស្កុពីមួយគ្រឿងដ៏ថ្មីស្រឡាងនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចគោលស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសរងគ្រោះ មានឈ្មោះ WANG YUMING (ហៅ MING) ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅឯប្រទេសចិន ចប្ចុប្បន្នធ្វើការនៅប្រទេសកម្ពុជា។ សម្ភារៈបាត់បង់រួមមាន៖ ទូរស័ព្ទដៃ ម៉ាក VIVO មួយគ្រឿង។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនម្នាក់ ដើរថ្មើជើងកាន់ទូរស័ព្ទចុច ហៅផឲ្យមកយកអ្នកណាកំពុងតែឱនចុចទូរស័ព្ទស្រាប់តែមានសង្ស័យមួយក្រុមជិះម៉ូតូ ៣គ្រឿង មានគ្នា៦នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទរបស់ជនជាតិចិនខាងលើ បានសម្រេច ជិះរត់គេចទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួល ហើយជនសង្ស័យបាននាំគ្នាស្ទុះរត់ឡើងម៉ូតូបក្ខពួករបស់ខ្លួនបាត់ស្រមោលអស់តែម្តង ដោយបន្សល់ទុកតែម៉ូតូដ៏ថ្មីស្រឡាងមួយគ្រឿង ម៉ាក Honda Scoopy-i ពាក់ស្លាកលេខភ្នំពេញ 1HM-7358 នៅកន្លែងកើតហេតុតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុគេបានឃើញសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចុះមកដល់កន្លែងកើតហេតុ មកយកម៉ូតូ និងសិនទៅធ្វើការសាកសួរនិងដាក់ពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ផងដែរ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម គេឃើញលោកវរសេនីយ៍ត្រី គង់ សុវង្ស អធិការរងខណ្ឌមានជ័យ បានចុះមកសាកសួរដំណើររឿង ដើម្បីបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាផងដែរ៕