header ads

Sponsor

ភ្នំពេញៈ នៅទីបំផុត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ថាន់ ឡេង នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ បានចេញដីកាសម្រេចឃុំខ្លួនបុរសដៃរន្ទះ ដាក់ពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ ជនដៃដល់ដែលតុលាការឃុំខ្លួនឈ្មោះ ឡោ ប៊ុនភ័ក្ត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនឯកជនមួយ។

ពាក់ព័ន្ធការចាប់ខ្លួន និងចោទប្រកាន់ និងចេញដីកាឃុំខ្លួន បុរសឈ្មោះ ឡោ ប៊ុនភ័ក្រ មន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានថ្លែងថា កន្លងមក ជនសង្ស័យធ្លាប់ជាប់គុកព្រៃសម្ដងរួចមកហើយ រយៈពេល១ឆ្នាំ ក្នុងឆ្នាំ២០០៧ ដល់ឆ្នាំ២០០៨ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បតិ្ត ដែលត្រូវបានប្តឹងដោយឪពុកម្ដាយបង្កើតតែម្ដង។

កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ មានករណីហិង្សាមួយកើតឡើងដោយជនរងគ្រោះជាស្ត្រីទន់ខ្សោយមានឈ្មោះថា ទូច លីនដា ត្រូវបានបុរសឈ្មោះ ឡោ ប៊ុនភ័ក្រ បានទះកំផ្លៀងនាងឲ្យដួលអុកគូទនៅនឹងថ្នល់។

បើតាមសម្តីរបស់ជនរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានហិង្សាកើតឡើង គឺដំបូងឡើយរូបនាង និងប្អូនស្រី បានដើរចេញពីផ្ទះទៅផ្សារ ដើម្បីទិញបាយហូបហើយក៏ដើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿង បានបើកយ៉ាងលឿនសំដៅមករករូបនាងឃើញដូច្នោះប្អូនស្រីរបស់នាងក៏ស្ទុះចាប់ដៃនាងអូសគេចចេញ ពេលនោះនាងក៏បានសួរអ្នកបើករថយន្តថាបើកប្រញ៉ាប់ទៅណា? ហើយអ្នកបើករថយន្តក៏បានចុចកញ្ចក់ចុះ និងជេររូបនាងដោយពាក្យសម្តីមិនសមរម្យជាច្រើន ឭដូច្នោះនាងក៏បានជេរតបតវិញ ស្រាប់តែអ្នកបើករថយន្តនោះ ដើរមកវាយនាងចំកណ្តាលមុខ បណ្តាលឲ្យដួលតែម្តង។ បន្ទាប់មកនាងក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ។

ក្រោយពេលទទួលពាក្យបណ្តឹង អាវុធហត្ថបានបើកការស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ។ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យបានសារភាពឲ្យដឹងថា រូបគេមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរ ជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែង នៅលើបណ្តោយផ្លូវម៉ៅសេទុង ហើយរូបគេទើបតែបម្រើការងារបានប្រហែល១ខែប៉ុណ្ណោះ។

នៅចំពោះមុខសមត្ថកិច្ចនិហតុលាការ ឡោ ប៊ុនភ័ក្រ បានសារភាពទទួលកំហុសថាពិតបានប្រើហិង្សា ដូចការចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន។

នារសៀលនេះផងដែរ ក្រោយពីចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទរួចហើយ សមត្ថកិច្ចអាវុធហត្ថបានបញ្ជូនឈ្មោះ ឡោ ប៊ុមភ័ក្រ ទៅឃុំខ្លួននៅពន្ធនាគារព្រៃស តាមសេចក្ដីសម្រេចរបស់តុលាការ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post