header ads

Sponsor

ភ្នំពេញៈ ក្រោយពីអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្ដូរទីតាំងប្រជាជន មកពីសហគមន៍បណ្តែតទឹក ឲ្យទៅរស់នៅលើដីគោកវិញនោះ អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត មានការព្រួយបារម្ភ អំពីកម្រិតនៃសំណល់រឹង ប្លាស្ទិក និងសំណល់រាវ ដែលមិនមានសុវត្ថិភាព នៅតំបន់តាំងទីលំនៅថ្មី បណ្តោះអាសន្ន ជាពិសេសនៅតំបន់ឆ្នុកទ្រូ ដែលបណ្តាលឲ្យមានការបំពុលយ៉ាងខ្លាំង។

ក្នុងសន្និសីទ សារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ លោកស្រី រ៉ូណា ស្មីត បានថ្លែងថា ប្រជាជនរស់នៅទីនោះ រួមមាន ៖ ជនជាតិខ្មែរ ,ខ្មែរឥស្លាម និងវៀតណាម ខណៈពួកគេគឺជាអ្នកក្រីក្រ ដែលប្រឈមនឹងការទុកចោល។

លោកស្រីបន្ដថា ពួកគេកំពុងតែរស់នៅជាបណ្តោះអាសន្ន ខ្លះរស់នៅជាអចិន្ត្រៃយ៍លើតំបន់តាំងទីលំនៅថ្មី។សម្រាប់តំបន់តាំងទីលំនៅថ្មីនានាត្រូវតែមាន ទឹកអនាម័យ អគ្គីសនី និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់ឲ្យមាននូវមធ្យោបាយ ទ្រទ្រង់ជីវភាពសមស្រប ដើម្បីគាំទ្រដល់ជីវភាពរស់នៅសមរម្យ។

លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា ខ្ញុំមានការព្រួយបារម្ភជាខ្លាំងអំពីកម្រិតនៃសំណល់រឹង/ប្លាស្ទិក និងសំណល់រាវដែលមិនមានសុវត្ថិភាពនៅ តំបន់តាំងទីលំនៅថ្មីបណ្តោះអាសន្ន ជាពិសេសនៅតំបន់ឆ្នុកទ្រូ ដែលនឹងបណ្តាលឲ្យមានការបំពុលយ៉ាងធ្ងន់ធ្ងរ នៅពេលកំពស់ទឹកកើនឡើងជាបន្តបន្ទាប់ ហើយដែលវានឹងមានផលប៉ះពាល់ អវិជ្ជមានលើសិទ្ធិនិងសុខភាព របស់អ្នករស់នៅទីនោះ ។ ខ្ញុំក៏មានការព្រួយបារម្ភផងដែរថា ផ្ទះជាច្រើនដែលបានផ្លាស់ទីបណ្តោះអាសន្ន និងផ្លាស់ទីជាអចិន្រ្តៃយ៍មកកាន់ទីតាំងថ្មីនេះ ស្ថិននៅក្រោមកម្រិតនៃកម្ពស់ទឹក ប៉ុន្តែផ្ទះទាំងនោះនឹងមិនអាចអណ្ដែតលើផ្ទៃទឹក នៅពេលមានទឹកជន់លិច ។

លោកស្រីបញ្ជាក់ថា អាជ្ញាធរខេត្តបានយល់ព្រម មិនផ្លាស់ប្តូរទីលំនៅសហគមន៍ទាំងនេះ ទៅកាន់តំបន់តាំងទីលំនៅថ្មីអចិន្ត្រៃយ៍ទៀតទេ រហូតទាល់តែមានហេដ្ឋារចនា សម្ព័ន្ធនានាជាមុនសិន ។ លោកស្រីលើកទឹកចិត្ត អាជ្ញាធរឲ្យមានការធានាថា រាល់ទីតាំងសម្រាប់ការតាំងទីលំនៅថ្មី ទាំងការតាំងលំនៅបណ្តោះអាសន្ន និងជាអចិន្ត្រៃ ដែលប៉ះពាល់សហគមន៍ទាំងអស់ ត្រូវតែមានហេដ្ឋារច្ចនាសម្ព័ន្ធចាំបាច់ជាមុនសិន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post