ភ្នំពេញៈ បុរសបុគ្គលិកអនាម័យម្នាក់បានធ្លាក់ពី កន្លែងលេងបាល់(ស្កេត) បណ្តាលឲ្យស្លាប់បាត់ បង់អាយុជីវិតភ្លាមមួយរំពេច ខណៈឡើងបាញ់ថ្នាំសត្វប្រជៀវ ហើយក៏ធ្លាក់ចុះមកខាងក្រោម។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០១៩ នៅក្នុងពហុកីឡាដ្ឋាន ជាតិអូឡាំពិក ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ សាកសពជនរងគ្រោះមានឈ្មោះ សន ស៊ីម អាយុ២៣ ភេទប្រុស មុខរបរជាកម្មករបាញ់ថ្នាំប្រជៀវ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថា ដំបូងឡើងជនរងគ្រោះបានឡើងទៅបាញ់ថ្នាំសត្វប្រជៀវ ខណៈដែលកំពុងបាញ់នោះ គឺជនរងគ្រោះបានជាន់លើសំណាញ់ដែលលួសខាងលើកម្ពស់ជាង២០ម៉ែត្រ បណ្ដាលឲ្យដាច់ធ្លាក់ចុះមកក្រោមស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្ដង។

បន្ទាប់ពីជនរងគ្រោះធ្លាក់មកក្រោមអ្នកឃើញហេតុការណ៍បានរាយការណ៍ទៅសមត្ថកិច្ចនិងអ្នកមើលការខុសត្រូវក្នុងស្តាតអូឡាំពិច ចុះទៅដល់កន្លែងកើតហេតុបានទាក់ទងសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យ ដើម្បីពិនិត្យទៅ លើសាកសពរបស់ជនរងគ្រោះ ។ ក្រោយពីកោសល្យវិច្ច័យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពរបស់ជនរងគ្រោះទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។

អ្វីដែលគួរកត់សម្គាល់ គឺអ្នកមើលការខុសត្រូវក្នុង ស្តាតអូឡាំពិច និង សមត្ថកិច្ច ហាក់បីដូចជា មាន ការលាក់បាំងព័ត៌មាន ដោយបានបញ្ជាឲ្យសន្តិ សុខប្រចាំស្តាតអូឡាំពិក ដើរដេញអ្នកព័ត៌មាន មិនឲ្យថតរូប និង មិនឲ្យនៅក្បែរទីតាំងកើតហេតុខាងលើនោះទេ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយគេមិនដឹងថា ករណីខាងលើនេះពិតជាករណីធ្លាក់ខ្លួនឯង ឬ ក៏ជាករណីអ្វីពិតប្រាកដនៅឡើយ ព្រោះមិនមានប្រភពណាមួយដែលបញ្ជាក់ច្បាស់ថាជនរងគ្រោះពិតជាធ្លាក់ពិតប្រាកដមែន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor