header ads

Sponsor

ភ្នំពេញៈ លោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកសវនាការបន្តលើសំណុំរឿងអតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ និងបងប្រុស ដែលជាប់ចោទពីបទឃាតកម្មលើស្រីកំណាន់របស់លោក ឡាយ វណ្ណៈ។ សវនាការបន្តថ្ងៃនេះ តុលាការផ្ដោតលើការបង្ហាញភស្តុតាងរបស់សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដាក់បន្ទុកលើលោក ឡាយ វណ្ណៈ ឲ្យជាប់ពិរុទ្ធ ព្រមទាំងសាក្សីមួយចំនួនទៀត។

សាក្សីសំខាន់ ដែលតុលាការបានសាកសួរនៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ ពាក់ព័ន្ធរឿងហេតុស្លាប់លោកស្រី ចេវ សុវឌ្ឍនា នោះគឺលោកឧត្តមសេនីយ៍ទោ ទិត្យ បូណា អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ត្រ នៃក្រសួងមហាផ្ទៃ ដែលជាអ្នកចុះទៅធ្វើប្រតិកោសល្យវិច្ឆ័យនៅកន្លែងកើតហេតុ នៅថ្ងៃទី២៨ និងថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ២០១៨ ពោល គឺក្រោយកើតហេតុ៣៣ថ្ងៃ។

តាមការបញ្ជាក់របស់លោក ទិត្យ បូណា បានបង្ហាញថា នៅពេលទៅដល់ខេត្តតាកែវ គណៈករណីបានប្រមែប្រមូលឯកសារទាំងឡាយ ដែលសមត្ថកិច្ចខេត្តតាកែវ បានធ្វើរួចហើយ យកមកពិនិត្យមើលឡើងវិញទាំងអស់ រួមទាំងការសាកសួរសាក្សីមួយចំនួន និងចុះទៅពិនិត្យនៅផ្ទះកើតហេតុនាថ្ងៃទី២៨ ខែកុម្ភៈ។

ក្នុងការពិនិត្យនៅផ្ទះកើតហេតុ គណៈករណីបានរកឃើញថា ការធ្វើកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចខេត្ត មានការខ្វះចន្លោះ ធ្វេសប្រហែស និងឆាប់ធ្វើសេចក្ដីសន្និដ្ឋានលឿនពេក ដោយស្ថានភាពនៅកន្លែង ត្រូវបានរុះរើខុសពីភាពដើម។ ចំណែកភាពមិនប្រក្រតី មានដូចជា ៖

ទី១ នៅលើធ្នឹមបង្អួច ពុំមានធូលី ឬស្នាមជើងឡើងជាន់របស់ជនរងគ្រោះ បញ្ជាក់ថា ជនរងគ្រោះឡើងទៅចងក ដោយខ្លួនឯងទេ។

ទី២ រនូតវាំងនន ដែលបាញ់វីស២គ្រាប់ជាប់ជញ្ជាំង ដែលចងព្យួរសពជនរងគ្រោះ មិនអាចទ្រទម្ងន់សពជនរងគ្រោះបានទេ។

ទី៣ បើសិនជនរងគ្រោះចងកដោយខ្លួនឯង ដោយយកខ្សែវាំងននមកទាក់ក ហើយលោតទម្លាក់ខ្លួនពិតជាមានស្នាមរបួសរលាកត្រង់កទាំងសងខាង ប៉ុន្តែនេះពុំមានស្នាមដាច់រលាត់ទេ។

ទី៤ គ្រែពួក ខ្នើយ កំរាលពួក មានភាពរញ៉េរញ៉ៃ។

ទី៥ មានទូរស័ព្ទ២គ្រឿង នៅលើពួក និងមួយគ្រឿងទៀត ធ្លាក់នៅលើកំរាលឥដ្ឋ។ នេះបង្ហាញពីភាពមិនប្រក្រតីនៅកន្លែងកើតហេតុ។ សរុបមកគណៈករណីបានសន្និដ្ឋានជំហ៊ានដំបូងថា មានលទ្ធភាពតិចតួចបំផុត ដែលជនរងគ្រោះធ្វើអត្តឃាតដោយខ្លួនឯង និងអាចជាករណីឃាតកម្មគិតទុកមុនច្រើនជាង។

យ៉ាងណា គ្រប់ការលើកឡើងរបស់នគរបាលក្រសួងមហាផ្ទៃ ជនជាប់ចោទ ឡាយ វណ្ណៈ  បានបដិសេធថា សុទ្ធតែរឿងមិនពិត និងមូលបង្កាច់។

ក្នុងសវនាការនេះផងដែរ លោក ចេវ សារ៉េន ជាឪពុកបង្កើតរបស់លោកស្រី ចេវ សុវឌ្ឍនា បានឡើងបំភ្លឺតុលាការថា នៅយប់ថ្ងៃកើតហេតុ ពេលគាត់បានទៅដល់ផ្ទះ កូនគាត់បានពិនិត្យមើលសពកូនស្រីសព្វកន្លែង ប៉ុន្តែពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ហើយលោកក៏បានសុំយកសពកូនស្រីមកធ្វើបុណ្យតាមប្រពៃណី ដោយចាត់ទុកថា អ្វីដែលកើតមានលើកូកស្រីរបស់គាត់ និងក្រុមគ្រួសារគាត់ គឺជាព្រហ្មលិខិតដែលកំណត់ឲ្យវាសនារបស់កូនគាត់ត្រឹមតែប៉ុណ្ណឹង ហើយគាត់ក៏មិនបានដាក់ពាក្យប្ដឹងបុគ្គលណា ឬទាមទារសំណងអ្វីនោះទេ។

ដូច្នេះ នៅថ្ងៃទី២៤ ខែឧសភានេះ តុលាការបានស្ដាប់សេចក្ដីបំភ្លឺរបស់ឪពុកជនរងគ្រោះ និងរបាយការណ៍ប្រតិកោសល្យវិច្ឆ័យរបស់គណៈករណីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងក្រោយកើតហេតុ៣៣ថ្ងៃ ហើយតុលាការបានសម្រេចផ្អាកសវនាការនៅវេលាម៉ោង១១និង៣០នាទី និងបន្តសវនាការនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ខាងមុខទៀត។

កាលពីខែមេសា ឆ្នាំ២០១៩ តុលាការបានស្ដាប់ និងពិនិត្យរបាយការណ៍ និងភស្តុតាងមួយចំនួនរបស់សមត្ថកិច្ចខេត្តតាកែវ ដែលបញ្ជាក់ថា ជនរងគ្រោះបានធ្វើអត្តឃាត មិនមែនជាករណីឃាតកម្ម ដូចការចោទប្រកាន់ទេ។

សូមរំឭកថា នៅក្នុងសំណុំរឿងនេះ តុលាការបានចោទប្រកាន់លើជនជាប់ចោទ ទី១.ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ និងទី២.ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុសរបស់លោក ឡាយ វណ្ណៈ) ពីបទឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែក ជនជាប់ចោទទី៣.ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់លោក ឡាយ វណ្ណៈ និងទី៤.ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទលាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

លោកស្រី ចេវ  សុវឌ្ឍនា ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយ ដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីនេះ ត្រូវសមត្ថកិច្ចខេត្តតាកែវ សន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿងអត្តឃាតឡើយ ពោល គឺជារឿងឃាតកម្មទៅវិញ ដោយមានអ្នកបញ្ជា និងរៀបចំទុក ដើម្បីសម្លាប់ជនរងគ្រោះ។ ក្រោយពីបើកការស៊ើបអង្កេត សមត្ថកិច្ចជំនាញបានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង៤នាក់ខាងលើ បញ្ជូនមកតុលាការឃុំខ្លួន រហូតដល់ថ្ងៃកាត់ទោសនេះ។

សវនាការកន្លងមក លោក ឡាយ វណ្ណៈ ដែលជាអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅក្នុងអន្លង់ស្នេហ៍ដ៏សែនផ្អែមល្ហែមមានជម្រៅកាត់ថ្លៃពុំបាន តែងតែបដិសេធថា ខ្លួនមិនល្ងង់ខ្លៅ រហូតសម្លាប់ស្រីកំណាន់របស់ខ្លួននោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post