header ads

Sponsor

ភ្នំពេញៈ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩នេះ បានសម្រេចបញ្ជូនខ្មាន់កាំភ្លើង ដែលបាញ់គំរាមប្រធានក្រុមហ៊ុនឯកជន មកតុលាការហើយ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បញ្ជាឲ្យព្រះរាជអាជ្ញាត្រូវតែចាត់ការតាមច្បាប់ ទោះបីមានការដាក់វិន័យកងកម្លាំងក៏ដោយ។

ជនដៃដល់ ឈ្មោះ ឌួង ណាគ្រី ត្រូវបានគេបញ្ជូនមកកាន់អយ្យការ នៅវេលាម៉ោង៥ល្ងាចជិតយប់ ដោយមានការហែរហមការពារពីសំណាក់នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ត្រូវបានថ្នាក់លើសម្រេចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីពិន័យកងកម្លាំង ពាក់ព័ន្ធការបាញ់កាំភ្លើង៥គ្រាប់ គំរាមកំហែងអ្នកដទៃ។

ករណីបាញ់នោះ បណ្តាលឲ្យបែកកញ្ចក់រថយន្តរ៉ង់រ៉ូវែ ១គ្រឿង កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានបន្តថា ការសម្រេចបែបនេះ បន្ទាប់ពីជនរងគ្រោះយល់ព្រមសម្របសម្រួលជាមួយជនដៃដល់ ដោយទទួលសំណងជាលុយ ចំនួន៥ពាន់ដុល្លារអាមេរិក។

ជនដៃដល់ដែលបាញ់៥គ្រាប់ បណ្ដាលឲ្យបែកកញ្ចក់ឡានក្នុងបទល្មើសជាក់ស្ដែងប៉ុនប៉ងឃាតកម្ម គឺលោកវរសេនីយ៍ទោ ឌួង ណាគ្រី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ចំណែកភាគីម្ខាងទៀតឈ្មោះ ភូ រិស្សស្តូរ៉ា់ ជាប្រធានក្រុមហ៊ុនសន្តិសុខ CPS។

នៅយប់កើតហេតុ គឺជនបង្កមានលក្ខណៈស្រវឹងជោកជាំបើករថយន្តតាមរករឿងគេ ទើបឈានដល់ការបាញ់បំបែកកញ្ចក់ឡានតែម្ដង។

ក្រោយកើតហេតុ ជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។ ចំណែកភាគីដែលបែកកញ្ចក់រថយន្ត បានដាក់ពាក្យបណ្ដឹង និងទាមទារសំណង ចំនួន៣៥០០០ដុល្លារ លុះមានការចរចាគ្នាក្រៅប្រព័ន្ធ ភាគីទាំង២មកត្រូវរ៉ូវគ្នាត្រឹម៥០០០ដុល្លារ ហើយថ្នាក់លើកសម្រេចបញ្ជូនជនដៃដល់ទៅអង្គភាពតម្រួតបទបញ្ជា ដើម្បីអនុវត្តវិន័យកងកម្លាំង ដោយមិនបញ្ជូនមកតុលាការទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post