header ads

Sponsor

បន្ទាយមានជ័យៈ អាជ្ញាធរក្រុងសិរីសោភ័ណ បានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារចំការរគរ(ផ្សារថ្មី) ជាពិសេស ផ្សារសិរីសោភ័ណ រយៈពេល៣ខែ ឲ្យធ្វើការកែប្រែឥរិយាបថមួយចំនួន ពិសេសលើការប្រមូលសំរាមផ្សារសិរីសោភ័ណ ដែលកន្លងមក មានការរិះគន់មកអាជ្ញាធរថា ការប្រមូលសំរាមមិនទៀងទាត់ ជាហេតុបណ្តាលឲ្យមានក្លិនមិនល្អ និងទុកដាក់សំរាមមិនត្រឹមត្រូវទៅតាមការកំណត់។ នេះបើតាមការលើកឡើងរបស់លោក ហ៊ឹល រ៉ាយ៉ា អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ ដែលបានកោះអញ្ជើញអ្នកម៉ៅភាស៊ីផ្សារខាងលើ ដែលមានម្ចាស់ម៉ៅការតែមួយ ដើម្បីប្រជុំវែកញែកដោះស្រាយ និងមានការចូលរួមពីអភិបាលរងក្រុង អ្នកពាក់ព័ន្ធ ក្រុមហ៊ុនប្រមូលសំរាម ប្រារព្ធធ្វើនៅសាលប្រជុំសាលក្រុងសិរីសោភ័ណ នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ។

ការព្រមានទៅលើអ្នកម៉ៅភាស៊ីផ្សារចំការគរ និងផ្សារសិរីសោភ័ណនេះ មិនមែនជាលើកទីមួយនោះទេ ពោលកាលពីកន្លងទៅអាជ្ញាធរក្រុងសិរីសោភ័ណ ក៏បានព្រមានទៅលើអ្នកម៉ៅការភាស៊ីផ្សារចំការគរ ដែលដើរយកភាស៊ីពីកញ្ចែង កញ្ជើរ ល្អី ដែលផ្គើនទៅនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមិនឲ្យយកភាស៊ី។ លើកនេះអ្នកម៉ៅការភាស៊ីមិនសូវអនុវត្តទៅតាមលិខិត នៃកិច្ចសន្យាថា នឹងធ្វើការថែរក្សាបរិស្ថានផ្សារ សន្តិសុខសណ្តាប់ធ្នាប់ និងមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុង តែផ្ទុយទៅវិញ ការអនុវត្តន៍ហាក់ដូចជាគ្មានប្រសិទ្ធភាពឡើយ ការប្រមូលសំរាមមិនទៀងទាត់ មិនសូវយកចិត្តទុកដាក់លើរឿងសំរាមក្នុងផ្សារ ការចោលសំរាមពាសវាលពាសកាល មិនមានការកំណត់ទីតាំងជាក់លាក់ ធ្វើឲ្យប្រជាពលរដ្ឋ និងអាជីវករ មានការរិះគន់ធ្ងន់ៗមកលើអាជ្ញាធរថា សំរាមអត់ប្រមូល ប្រមូលតែលុយ។

លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង បានទុកពេលឲ្យអ្នកម៉ៅការភាស៊ីផ្សារសិរីសោភ័ណ រយៈពេល៣ខែ ក្នុងការកែប្រែឥរិយាបថឡើងវិញ  បើពុំនោះទេ លោកដកចេញតែម្តង ដោយគ្មានលក្ខខ័ណ្ឌអ្វីទាំងអស់។ លោកបន្តថា កន្លងមក បណ្តាអាជីវករក្នុងផ្សារសិរីសោភ័ណ  បានលើកឡើងថា អ្នកយកភាស៊ីតែងតែដើរយកជាប្រចាំ ប៉ុន្តែសំរាមគឺនៅដដែលធ្វើឲ្យគាត់ដែលលក់ដូរក្បែរនោះស្ទើតែដង្ហើមមិនរួចដោយវាមានក្លិនស្អុយ។ ជាមួយនឹងការព្រមានជាលើកចុងនោះដែរ អាជ្ញាធរក្រុងនិងធ្វើការដាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងមួយចំនួននៅផ្សារចំការគរ (ហៅផ្សារថ្មី) និងផ្សារសិរីសោភ័ណ ដើម្បីតាមដានមើលសកម្មភាពបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលតែងតែយកសំរាមយកចោលគ្មានសណ្តាប់ធ្នាប់ ដើម្បីធ្វើការផាក់ពិន័យ។ ក្នុងនោះរដ្ឋបាលក្រុង នឹងចេញសេចក្តីជូនដំណឹងដល់បងប្អូនដែលរស់នៅក្បែរផ្សារ មិនអនុញ្ញាតឲ្យចោលសំរាមនៅក្នុងផ្សារនោះទេ បើដឹងថាមានការចោលសំរាម មិនគោរពទៅតាមសេចក្តីជូនដំណឹងនឹងផាក់ពិន័យតាមច្បាប់ដែលមានចែង។

ទន្ទឹមនឹងនោះ អភិបាលក្រុងសិរីសោភ័ណ ក៏បានជំរុញដល់ក្រុមហ៊ុនប្រមូលសំរាម ត្រូវប្រមូលឲ្យបានទៀងទាត់នៅតាមគោលដៅ និងទីតាំងដែលបានកំណត់ ដើម្បីកុំឲ្យមានការកក់ស្ទះសំរាមយូរ ធ្វើឲ្យមានក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពប្រេជាពលរដ្ឋ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post