ស្វាយរៀងៈ គ្រូពេទ្យដើរចាក់ក្នុងភូមិ ដែលគ្មានវិជ្ជាវីរៈច្បាល់លាស់ម្នាក់ បានចាក់ថ្នាំតែមួយម្ជុលទៅលើបុរសម្នាក់ ដែលមានជំងឺឈឺបំពង់ក បណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១២៖០៥នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិ សំឡីខាងជើង ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ដោយសារគ្រូពេទ្យសល់ពីសម័យនោះ ឈ្មោះ ប៊ុន ម៉ាប់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ដោយខ្លួនមានអាការៈឈឺបំពង់កចំនួនពីរថ្ងៃមកហើយពុំបាត់ ទើបខ្លួនបានហៅគ្រូពេទ្យឯកជនឈ្មោះ ព្រាប សេ ភេទប្រុស អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រៃម្នាស់ ឃុំសំឡីស្រុកកំពង់រោទិ៍មកចាក់ថ្នាំឲ្យ ខណៈពេលដែលពេទ្យមកដល់បានបូមថ្នាំមួយស៊ីរ៉ាំង ហើយចាក់ទៅលើជនរងគ្រោះឈ្មោះ ប៊ុន ម៉ាប់ មិនទាន់ទាំងអស់ពីស៊ីរ៉ាំងផង ស្រាប់តែជនរងគ្រោះមានអាការៈរមាស់ក្រហលក្រហាយ រួចបានប្រកាច់ដាច់ខ្យល់ស្លាប់តែម្ដង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ ដោយសារប្រតិកម្មថ្នាំ។ ចំណែកឯជនសង្ស័យជាគ្រូពេទ្យឯកជនដើរចាក់តាមភូមិ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនដើម្បីសាកសួរចាត់ការទៅតាមនីតិវិធីច្បាប់។
បើតាមលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឲ្យដឹងថា ចំពោះគ្រូគ្មានច្បាប់ដើរចាក់ថ្នាំក្នុងភូមិជាយូឆ្នាំមកហើយ ហើយក៏ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់ការដើរចាក់ពីរដងរួចមកហើយ តែនៅប្រព្រឹត្តដដែល។
ចំពោះករណីគ្រូពេទ្យចាក់ថ្នាំស្លាប់មនុស្សនេះ គ្មានច្បាប់នោះទេ ដើរចាក់តាមភូមិបើតាមប្រជាពលរដ្ឋនៅឃុំសំឡី បានឲ្យដឹងថា គ្រូពេទ្យឈ្មោះ ព្រាប សេ គាត់ចេះជំនាញពេទ្យនេះ ពុំមានសាលាច្បាស់លាស់នោះទេ ដោយចេះចាក់ថ្នាំតាំងពីសម័យប៉ុលពតមកម្លេះហើយបន្តអាជីពនេះ រហូតដល់បច្ចុប្បន្ន រយៈកាលកន្លងមក ធ្លាប់ត្រូវបានមន្ទីរជំនាញហៅមកអប់រំផងដែរតែគាត់នៅតែដើរព្យាបាលគេដដែលទើបភ្លាត់ស្នៀតចាក់ថ្នាំបណ្តាលឲ្យស្លាប់មនុស្សតែម្តង។
ប្រភពពលរដ្ឋក្នុងភូមិ បានឲ្យដឹងថា គាត់ព្យាបាលមិនថា មនុស្សសត្វនោះទេ គឺចាក់ទាំងអស់ ទាំងសត្វ ក្របី គោ និងមនុស្ស ឲ្យតែត្រូវគាត់ជួយព្យាបាលមិនរើសមុខនោះទេ៕