តាកែវៈ ជើងខ្លាំងហ៊ានបាញ់តដៃជាមួយសមត្ថកិច្ច ក្នុងពេលកម្លាំងជំនាញ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅស្រុកបាទី ត្រូវបានបញ្ជូនទៅតុលការហើយនារសៀលថ្ងៃ៥ ឧសភា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានអោយដឹងថា ក្នុងការចុះបង្ក្រាបនេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយរូបលោក បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនមួយទ្រុងទ្រាយធំ ស្ថិតនៅគោលដៅភូមិក្រាំងក្រចាង ខាងជើងវត្តពោធិ៍ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៩ ។
លោកស្នងបន្តថា ក្នុងពេលចុះបង្ក្រាបនៅផ្ទះរបស់ជនសង្ស័យកំពុងស្នាក់នៅនោះ ស្រាប់តែជនល្មើសមានអាវុធ បាញ់មកលើសមត្ថកិច្ច តែមិនបណ្តាលអោយមានរបួសស្នាមអ្វីលើសមត្ថកិច្ច ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានផ្ទុះអាវុធឡើងលើជាច្រើនគ្រាប់ផងដែរ ដើម្បីគំរាមជនសង្ស័យវិញ រួចក៏ធ្វើការដកថយសិន រួចលោមព័ទ្ធទីតាំងរង់ចាំកងកម្លាំងអន្តរាមគន៍ពិសេសរបស់ក្រសួងមហាផ្ទៃចុះមក ទើបយើងបានរៀបចំផែនការថ្មីក្នុងការចូលបង្ក្រាប ដោយប្រើពេលអស់មួយកំណាត់ថ្ងៃ ទើបអាចឃាត់ខ្លួនជនសង្ស័យបានម្នាក់។
លោកស្នងការបន្តទៀតថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ យឹម វណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងកាំភ្លើងខ្លី១ដើម ដាវសាម៉ូរៃ២ដើម ទូរស័ព្ទ៤គ្រឿង ស្នាប់ដៃ១ នឹងថ្នាំញៀនមួយចំនួន៕