ភ្នំពេញៈ ២នាក់បងប្អូនជីដូនមួយ បងស្រីស្លាប់នៅនឹងកន្លែង ចំណែកប្អូនប្រុសរងរបួសស្រាល កាលពីវេលាម៉ោង៥៖៣០នាទីព្រឹក ថ្ងៃច័ន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខអគារវឌ្ឍនៈ តាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវលេខ១០២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រៀម ចន្អី ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អនាម័យនៅអាគារវឌ្ឈនៈ ជាអ្នកជិៈពីក្រោយ និងមានកូនប្រុសម្នាក់ឈ្មោះ រ៉ែន ពេជ្រ អាយុ៦ខែ ប្តីឈ្មោះ រ៉ា អាយុ៤០ឆ្នាំជាង ជនជាតិខ្មែរ មុខរបរបើកឡាន។ អ្នកបើកម៉ូតូត្រូវប្អូនជីដូនមួយរបស់នារីរងគ្រោះ រងរបួសស្រាលមានឈ្មោះ រ៉ែន សារ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអនាម័យ នៅអគារវឌ្ឈនៈ ដូចគ្នា អ្នកទាំងពីរសព្វថ្ងៃរស់នៅភូមិចុងសាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញពីរនាក់បងប្អូនជីដូនមួយ ជិះម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FR5408 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ដល់កន្លែងធ្វើការក៏បានបត់ឆ្វេងដៃគ្រាន់តែងាកក្បាលម៉ូតូបានបន្តិចត្រូវបានរថយន្តសាំយ៉ុង ពណ៌ស មិនចាំស្លាកលេខ មកពីខាងក្រោយស្របទិសគ្នាបុក បណ្ដាលឲ្យដួលហើយកិនថែមទៀត ធ្វើឲ្យបងស្រីជីដូនមួយដែលជិះខាងក្រោយនោះស្លាប់នៅនិងកន្លែងកើតហេតុ និងរងរបួសប្អូនប្រុសដែលជាអ្នកបើករបួសស្រាល ក្រោយពីបុកហើយរថយន្តសាំយ៉ុងបានបើកបញ្ច្រាស់ទិសត្រឡប់ទៅខាងផ្លូវមាត់ទន្លេ ឆ្ពោះទៅព្រែកលាបបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុក៏បានទំនាក់ទំនងទៅជំនាញចរាចរណ៍មកវាស់វែងយកម៉ូតូទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ។ ចំណែកឯសាកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕