ភ្នំពេញៈ តាមការគ្រោងទុករបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៣០ឧសភា ឆ្នាំ២០១៩នេះ ចៅក្រមតុលាការនឹងកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ផលិតកវីដេរអូម្ដាយខ្ញុំលក់ខ្ញុំ នៅចំពោះមុខជនជាប់ចោទ ។
លោកកូយ សៅ ចៅក្រមសាលាដំបូង ជាចៅក្រមជំនុំជំរះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ ។
សភាសើបសួរសាលាឧទ្ធរណ៍នាព្រឹកថ្ងៃទី ៣១មករា ឆ្នាំ២០១៩ កន្លងទៅបានសម្រេចបន្តការឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី រហូតដល់តុលាការថ្នាក់ក្រោមសម្រេចដល់អង្គសេចក្ដី ។
សេចក្ដីសម្រេចថ្មីនេះធ្វើឡើងដោយកំបាំងមុខជនជាប់ចោទតែចាត់ទុកជាចំពោះមុខដោយសារតែអនុរ័ក្សពន្ធនាគារមិនបានបញ្ជូនលោករ័ត្នមុនីមកតុលាការទេ ។
កាលពីព្រឹកថ្ងៃទី ៣០មករា ឆ្នាំ២០១៩នេះ សភាសើបសួរសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងសុំនៅក្រៅឃុំរបស់ផលិតកវីដេអូរ ម្ដាយខ្ញុំលក់ខ្ញុំ មកបើកសវនាការអសាធារណៈ ប៉ុន្តែបានសម្រេចថានឹងប្រកាសសេចក្ដីសម្រេចនៅថ្ងៃទី៣១មករានេះ ។
ជនជាប់ចោទ លោករ៉ាត់ រ័ត្នមុនី ត្រូវបានបញ្ជូនមកនៅចំពោះមុខក្រុមប្រឹក្សាសភាសើបសួរប៉ុន្តែតុលាការមិនអនុញាតអោយអ្នកសារព័តិមានស្ថិតនៅក្នុងបន្ទប់សវនាការទេ ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានអោយដឹងថា កាលពីរសៀលថ្ងៃទី ១៣ធ្នូ ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនប្រធានសហជីពកម្មករសំណង់ដែលមានមូលដ្ឋាននៅប្រទេសថៃ ហើយជាប់ពាក់ព័ន្ធនិងសំណុំរឿងផលិតខ្សែវីដេអូររឿង ម្ដាយខ្ញុំលក់ខ្ញុំ មកតុលាការហើយដើម្បីសាកសួរនិងសម្រេចតាមច្បាប់ ។ ក្រោយសាកសួរ តុលាការបានសម្រេចឃុំខ្លួនលោករ៉ាត់ រ័ត្នមុនី ។ ២សប្ដាហ៍ក្រោលមកជនជាប់ចោទបានដាក់ពាក្យសុំនៅក្រៅឃុំ ប៉ុន្តែតុលាការបានបដិសេធ ទើបជនជាប់ចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី ៣០មករាចសភាសើបសួរបានយកសំណើរនេះមកពិភាក្សា ហើយនឹងធ្វើសេចក្ដីសម្រេចនៅថ្ងៃស្អែក ។
អ្នកស្រី ឡុង គីមហ៊ាងដែលត្រូវជាភរិយាលោក រ៉ាត់ រត្នមុនី បានប្រាប់អ្នកកាសែតថា៖ ស្វាមីរបស់អ្នស្រីឈ្មោះ រ៉ាត់ រត្នមុនីដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារពតិមានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញតាមការស្នើសុំ ។
អ្នកស្រី ឡុង គឹមហ៊ាង ក៏បានអះអាងថាការចាប់ខ្លួនស្វាមីគាត់នេះពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
វីឌីអូ «ម្តាយខ្ញុំលក់ខ្ញុំ» និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បាព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។
សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះគឺជាការប្រឌិតឡើងដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាតែប៉ុណ្ណោះ ។
សាច់ញាតិរបស់ជនជាប់ រួមជាមួយអ្នកតវ៉ាអាជីព បានព្យាយាមម្ដងជាពីរដងសុំអោយស្ថានទូតរូស្សុីជួយអន្តរាគមន៍មករាជរដ្ឋាភិបាលដើម្បីអោយលោករ័ត្នមុនីនៅក្រៅឃុំ ៕