
សៀមរាប៖ មន្ដ្រីនគរបាលម្នាក់ពាក់ស័ក្ដិ៤កន្លះ ឈ្មោះ ប៊ុត លីវង្ស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលថ្នាក់វរសេនីយ៍ទោ នៅក្រសួងមហាផ្ទៃ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប តាមចាប់ខ្លួនយោងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់សាលាដំបូងខេត្តសៀមរាប ហើយត្រូវបានតុលាការឃុំខ្លួនដាក់ ពន្ធនាគារបាត់ហើយ ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន ដែលបក្ខពួករបស់ខ្លួនបានសារភាពប្រាប់សមត្ថកិច្ច។
ការឈានទៅដល់ការចាប់ខ្លួនមន្រ្តីនគរបាលរូបនេះ បានកើតមានឡើងបន្ទាប់ពីកម្លាំងនគរបាលក្រុងសៀមរាប បានចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ភូមិទ្រាំង សង្កាត់ស្លក្រាម និងនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយដកហូតថ្នាំជិតមួយគីឡូក្រាម ហើយជនសង្ស័យទាំងពីរនាក់ បានសារភាពថា គ្រឿងញៀនទាំងនេះ ពួកគេបានទិញពីឈ្មោះ ប៊ុត លីវង្ស ។
ជនសង្ស័យទាំង២នាក់ ទី ១៖ឈ្មោះ ស្រឿន វីរៈ ឆ្នាំកំណើត១៩៩៣ និងទី២៖ឈ្មោះ ដួង សំអឿន ហៅម៉ាប់ ឆ្នាំកំណើត១៩៩៤ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចដកហូតបាន ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន១២កញ្ចប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០២គ្រឿង៕




