ភ្នំពេញៈ ចៅក្រមជំនុំជម្រះលោក គង់ ស្រ៊ីម នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ បានលើយកសំណុំរឿងឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី ដែលមានជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ អាយុ៣៨ឆ្នាំ បានប្តឹងសារទុក្ខមកធ្វើការជំនុំជម្រះជាសាធារណៈ។
សវនាការបានធ្វើឡើងចំពោះមុខជនជាប់ចោទ និងមេធាវីការពារសិទ្ធិលោក អ៊ឹម ម៉ាច និងភាគីពាក់ព័ន្ធ, តែតុលាការបានលើកពេលប្រកាលដីកានៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០១៩ខាងមុខ។
ជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកក្កដា ២០១៦បន្ទាប់ពីមានករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅចំណុចផ្សារស្តាម៉ាតស្ថានីយប្រេងសាំងកាល់តិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ចៅក្រមសាលាឧទ្ធរណ៍ បានសម្រេចប្រកាសសាដីកាតម្កលទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ នៅដដែល ពោលគឺផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងបទការកាន់កាប់អាវុធដោយខុសច្បាប់ ករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
ដោយឡែកកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ អឿត អាង ហៅ ជួប សម្លាប់ ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ និងបទការកាន់កាប់អាវុធដោយខុសច្បាប់។
ក្នុងសវនាការកាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០១៧ «ជួប សម្លាប់» បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី ដោយសារខឹងលោក កែម ឡី ជំពាក់ប្រាក់មិនសង ហើយអះអាងថា គ្មានអ្នកនៅពីក្រោយខ្នងនៃឃាតកម្មនេះនោះទេ។
គួរបញ្ជាក់ថា ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ អាយុ៣៨ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់ លោក បណ្ឌិត កែម ឡី កាលពីវេលាម៉ោង៨:៥០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាត ស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុង មហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕
ផ្ដល់សិទ្ធិដោយ៖ Campost.news