header ads

Sponsor

បាត់ដំបងៈ ប្រភពព័ត៌មានពីខេត្តបាត់ដំបង បានអោយដឹងថា នៅព្រឹកថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩នេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ បានចូលខ្លួនជាបន្តបន្ទាប់ មកអយ្យការអមតុលាការ ដើម្បីឆ្លើយបំភ្លឺជុំវិញករណីបំពានសាលដីកាតុលាការកំពូល។

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បានប្រាប់អ្នកកាសែតនៅមុខតុលាការខេត្តថា កញ្ញា ក៏ដូចអ្នកដទៃដែលតុលាការកោះហៅមកនេះដែរ គឺគ្មានការភ័យខ្លាចទេ ព្រោះមិនបានធ្វើខុសច្បាប់ឡើយ ។ ចំពោះករណីការបញ្ចេញមតិខ្លះ ដែលគាំទ្រអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ​ គឺគ្រាន់តែជាមនោសញ្ចេតនានៃអតីតកាលប៉ុណ្ណោះ។

កញ្ញា រ៉ូហ្សិត បានបញ្ជាក់ទៀតថា ក្រោយឆ្លើយបំភ្លឺរួច កញ្ញានឹងស្នើសុំអោយតុលាការទម្លាក់ចោលការចោទប្រកាន់នេះ។

លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាជាបន្តបន្ទាប់ កោះហៅអតីតសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិចំនួន២០រូប នៅខេត្តបាត់ដំបង ឱ្យចូលបំភ្លឺនៅតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធនឹងករណីប្រឆាំង និងសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប៉ុន្តែពួកគេមិនព្រមអនុវត្តតាម។

អតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិទាំង២០នាក់ ដែលអយ្យការអមសាលាដំបូងខេត្តបាត់ដំបងកោះហៅរួមមាន ៖ ១-លោក ផាន់ រ៉េត អតីជំទប់ទី១ សង្កាត់ក្តុលដូនទាវ។ ២-លោក  រឿន កែម អតីតចៅសង្កាត់ក្តុលដូនទាវ។ ៣-កញ្ញា ស៊ិន រ៉ូហ្សិត អតីតចៅសង្កាត់អូរចារ។ ៤- លោក ម៉ក់ រ៉ា អតីតចៅសង្កាត់ទួលតាឯក។ ៥- លោក ឃួន ចំរើន អតីតចៅសង្កាត់ចំការសំរោង។ ៦-លោក ខាន់ ប៊ុនផេង អតីតចៅសង្កាត់ព្រែកព្រះស្តេច។ ៧- លោក ស៊ឹម ឡៅ អតីតសមាជិកប្រតិបត្តិគណបក្សស្រុកសំពៅលូន ។ ៨-លោក ស៊ិន សាន អតីតសមាជិកប្រតិបត្តិបក្សស្រុកសំពៅលូន ។ ៩-លោក ពួក លីហាក់  អតីតសមាជិកក្រុមប្រឹក្សា។ ១០-លោក ថោង សារឿន អតីតប្រធានប្រតិបត្តិស្រុកគាស់ក្រឡ។ ១១-លោក គង់ ប៊ុន ហ៊ាង អតីតសមាជិកប្រតិបត្តិខេត្ត។ ១២-លោក ឌឹម សារឿន អតីតសមាជិកក្រុមប្រឹក្សាខេត្ត។ ១៣-លោក តន់ សាម៉ន អតីតចៅសង្កាតវត្តគរ។ ១៤-លោក ហម អ៊ាប អតីក្រុមប្រឹក្សាស្រុកសង្កែ។ ១៥- លោក យួម ដួង អតីតក្រុមប្រឹក្សាក្រុងបាត់ដំបង។ ១៦-លោក វី វ័ន្ត អតីតក្រុមប្រឹក្សាស្រុកសង្កែ ។ ១៧- លោក សាំង ប៊ុនម៉ៅ អតីតចៅសង្កាតរងទី១ សង្កាត់ស្វាយប៉ោ។ ១៨-លោក ស៊ុន ចំរើន អតីតមេឃុំពាមឯក។ ១៩- លោក សុខ សុភក្តិ ជំទប់ទី១ ឃុំព្រែកនរិន្ទ។ ២០- លោក ភឿក ឡុំ  អតីតមេឃុំសំរោងក្នុង ស្រុកឯកភ្នំ។

ការកោះហៅអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិទាំង២០នាក់ពីសំណាក់អយ្យការអមតុលាការខេត្ត បានធ្វើឡើងជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី៩ ឧសភា ឆ្នាំ២០១៩នេះតទៅ ពាក់ព័ន្ធការប្រឆាំងនឹងសាលដីការបស់តុលាការកំពូលលេខ ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលហាមមិនអោយពួកគេធ្វើសកម្មភាពនយោបាយ ក្រោយពេលតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post