header ads

Sponsor

ភ្នំពេញៈ យ៉ាងហោចណាស់ មានមន្ត្រីនគរបាលខណ្ឌមានជ័យ២រូប បានរងរបួសធ្ងន់និងស្រាល ខណៈពេលកម្លាំងអធិការនគរបាលខណ្ឌមានជ័យ កំពុងដាក់គោលដៅធ្វើការត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ ទប់ស្កាត់គ្រឿងញៀន ស្រាប់តែមានបុរសម្នាក់ មិនដឹងចេញពីផឹកស្រាកន្លែងណាទេ បើកម៉ូតូ១គ្រឿងទាំងស្រវឹង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបារ៉ាស់ត្រួតពិនិត្យពេញទំហឹង រួមទាំងមន្ត្រីនគរបាល២នាក់ កំពុងឈរលើកដំបងពិលសម្រួលចរាចរណ៍ បណ្ដាលឲ្យខ្ទាតដួលបោកនឹងថ្នល់ ភ្លាមនោះបុរសម្ចាស់ម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។

ហេតុការណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១១យប់ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចទល់មុខក្រុមហ៊ុន វេងហួត ផ្លូវ២៧១ ភូមិ៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលដែលរងរបួសមានឈ្មោះ ទី១. លោកអនុសេនីយ៍ឯក ជឿន សាវុធ អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលកងអន្តរាគមន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ រងរបួសជើងធ្ងន់គួរសម។ ទី២. លោលអនុសេនីយ៍ឯក សូរ សេរីវុធ នាយរង ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋានខណ្ឌមានជ័យ រងរបួសដៃ។ ចំណែកឯបុរសដែលស្រវឹងស្រា បើកម៉ូតូបុកសមត្ថកិច្ចបណ្ដាលឲ្យរបួសនោះ មានឈ្មោះ លឹម សុខា អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកដេប៉ូលក់គ្រឿងសំណង់ នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ស្នាក់នៅម្ដុំអូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ខណ្ឌមានជ័យ បានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ បានដឹងថា នៅមុនពេលកើតហេតុ កម្លាំងអធិការដ្ឋានគរបាលខណ្ឌមានជ័យ ចំនួន២៥នាក់ ដឹកនាំដោយអធិការរង៣រូប មានលោកវរសេនីយ៍ទោ នូ ទូច អធិការរងខណ្ឌ និងលោកវរសេនីយ៍ត្រី គង់សុវង្ស អធិការរងខណ្ឌ និងវរសេនីយ៍ត្រី ជឹម សុភ័ក្រ អធិការរង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានធ្វើការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង ទប់ស្កាត់គ្រឿងញៀន នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចកើតហេតុខាងលើ។ ខណៈពេលដែលសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងវាស់ជាតិស្រវឹង ព្រមទាំងធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវឆ្លងកាត់គោលដៅត្រួតពិនិត្យ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នៅពេលធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់ឲ្យបានត្រឹមត្រូវ ចំណែកអ្នកបើករថយន្តត្រូវពាក់ខ្សែក្រវាត់ឲ្យបានត្រឹមត្រូវផងដែរ។

ក្រោយមកស្រាប់តែមានបុរសម្នាក់ មិនដឹងចេញពីផឹកស្រាកន្លែងណាទេ បើកម៉ូតូឌ្រីមសង់មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GD-8854 ទាំងស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ទិសដៅពីលិចមកកើត ក្នុងល្បឿនលឿនស្លេវ ចូលដល់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅតែមិនបន្ថយល្បឿន ស្រាប់តែជ្រុលទៅបុកបារ៉ាស់ដែលដាក់អក្សរបន្ថយល្បឿន និងដាក់ដំបងពិលភ្លឹបភ្លែតៗ រួមទាំងមន្ត្រីនគរបាល២រូបកំពុងដំបងពិលសម្រួលចរាចរណ៍ បណ្ដាលឲ្យខ្ទាតដួលបោកនឹងថ្នល់ ភ្លាមនោះបុរសម្ចាស់ម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗផងដែរ។ ចំណែកមន្ត្រីនគរបាលដែលរងរបួសជើងធ្ងន់ ត្រូវបានបញ្ជូនតាមរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ទៅពិនិត្យ និងព្យាបាលរបួសនៅមន្ទីរពេទ្យភ្លាមៗ។

តែអ្នកបើកបរម៉ូតូដែលស្រវឹងនោះរឹងទទឹង មកព្រមឲ្យសមត្ថកិច្ចផ្លំពិនិត្យអាកុលឡើយ ដាច់ខាត់ទាល់តែសមត្ថកិច្ចនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីធ្វើការសាកសួរ និងឲ្យទាក់ទងទៅសាច់ញាតិមកដល់ ទើបយល់ព្រមឲ្យសមត្ថកិច្ចវាស់ជាតិអាកុល ជាក់ស្ដែងលទ្ធផលត្រួតពិនិត្យ មានជាតិអាកុលក្រោម០,៧៥មិល្លីក្រាម ក្នុង១លីត្រខ្យល់ ហើយដោយសារតែមានរបួសរលោតដៃរលោតជើង ទើបសមត្ថកិច្ចយល់ព្រមឲ្យសាច់ញាតិធានាយកទៅផ្ទះលាងរបួសសិន ដោយរងចាំព្រឹកស្អែកចាំយកឯកសារពាក់ព័ន្ធមកបញ្ជាក់ដើម្បីដោះស្រាយតាមនីតិវិធី។

ជាលទ្ធផលត្រួតពិនិត្យបានរួមមាន៖ ទី១- រថយន្តឆ្លងកាត់គោលដៅ ចំនួន២៤០គ្រឿង។ ទី២- ម៉ូតូឆ្លងកាត់គោលដៅ ចំនួន៣៤០គ្រឿង (ក្នុងនោះដែលអ្នកបើកបរគ្មានពាក់មួកសុវត្ថិភាព ត្រូវបានធ្វើការត្រួតពិនិត្យ ព្រមទាំងធ្វើការអប់រំណែនាំដល់បងប្អូនឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងឃាត់ម៉ូតូចំនួន២គ្រឿង (ក្នុងនោះអត់ស្លាកលេខ១គ្រឿង និងស្រវឹងជិះបុកសមត្ថកិច្ច១គ្រឿង) យកមកអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមច្បាប់)។ ទី៣- អាវុធឆ្លងកាត់គ្មាន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post