
ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកាមរីបាឡែន ក្នុងល្បឿនលឿន ហើយស្រវឹងផងនោះ ក៏ជ្រុលទៅបុកគូទរថយន្តកុងតឺន័រពីក្រោយពេញទំហឹង នៅលើស្ពានច្បារអំពៅ ហើយរថយន្តកុងតឺន័របើកបន្តទៅមុខបាត់ ម្ចាស់រថយន្តបានចុះមកមើលរថយន្ត រួចឡើងបើកសោរបញ្ឆេះបំណងបន្តដំណើរទៅទៀត ស្រាប់តែឆ្លងចរន្តអគ្គិសនីផ្ទុះឆាបឆេះឡើងតែម្ដង កាលពីវេលាម៉ោង១៖០២នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចលើស្ពានមុនីវង្សចាស់(ស្ពានច្បារអំពៅ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0830 ធ្វើដំណើរក្នុងពីកើតទៅលិច បានឡើងស្ពានមុនីវង្សចាស់ ក្នុងល្បឿនលឿនបើកបរ ដោយក្នុងស្ថានភាពស្រវឹងជោកជាំ ខណ:មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកគូទ រថយន្តកុងតឺន័រមិនចាំស្លាកលេខពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងដំណំ ហូរហៀរប្រេងពេញផ្លូវ ចំណែករថយន្តកុងតឺន័រមិនបានឈប់ទេ ក៏បើកបន្តដំណើរទៅមុខ បាត់តែម្ដង។
ភ្លាមៗនោះដែរគេឃើញម្ចាស់រថយន្ត ចុះមកពិនិត្យមើលរថយន្តរបស់ខ្លួនដែរ ប្រហែលជាយល់ថាអាចបន្តដំណើរទៅមុខបាន ក៏ចូលក្នុងរថយន្តវិញ រួចកាច់សោបញ្ឆេះ ស្រាប់តែឆ្លងចរន្តអគ្គិសនីឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅតែម្ដង តែសំណាងល្អ ម្ចាស់រថយន្ត បានស្ទុះចេញមកទាន់ ហើយបានគេចខ្លួនបាត់ពីកន្លែងកើតហេតុ ខណ:ដែលរថយន្តឆេះកាន់តែខ្លាំងឡើងៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវឈប់មើលព្រោងព្រាត និងរាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍។
បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានមកដល់ ហើយក៏មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង របស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ដែលប្រចាំការនៅបរិវេណមជ្ឈមណ្ឌលរ៉ុក ចេញមកជួយអន្តរាគមន៍បាញ់ពន្លត់ ទើបរលត់ទាំងស្រុងនៅវាលាម៉ោង១៖៣០នាទីយប់ ថ្ងៃខែឆ្នាំដដែល។ តែអ្វីគួរឲ្យឲ្យស្ដោកស្ដាយនោះ រថយន្តនេះបានឆេះហ្មត់ នៅតែគ្រោងឆ្អឹងតែប៉ុណ្ណោះ។
ក្រោយកើតហេតុ រថយន្តដែលរងការឆាបឆេះខ្ទេចអស់នោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចុះមកស្ទូចយកទៅស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំស្រាវជ្រាវ ដោះស្រាយតាមផ្លូវច្បាប់៕











