ភ្នំពេញៈ ស្ដែងៗណាស់! រថយន្តតាកូម៉ាមួយគ្រឿង បើកបរដោយបុរសម្នាក់ បោះពួយក្នុងល្បឿនលឿន ហើយថែមទាំងស្រវឹងជោកជាំផងនោះ ក៏ជ្រុលទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង លាន់លឺដូចផ្ទុះគ្រាប់បែក បណ្ដាលឲ្យបាក់របាំងថ្មអស់មួយផ្ទាំង ចំណែករថយន្តខ្ទេចកង់ខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងារជើងម្ខាងកណ្ដាលផ្លូវ ជាប់តៃកុងក្នុងរថយន្តរកផ្លូវចេញមិនបាន ផ្អើលទាំងអ្នកជិតខាង បើកទ្វារផ្ទះចេញមកជួយវាយបំបែកកញ្ចក់យកមកខាងក្រៅ និងរាយការណ៍ប្រាប់កម្លាំងល្បាតចុះជួយអន្តរាគមន៍។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កក្រើកមួយនេះ បានកើតឡើងនៅកាលពីម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចស្តុបវត្តចាក់អង្រែក្រោម ខាងមុខច្រកចូលបុរី៩៩៩ លើកំណាត់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យកណ្ដាលម្នាក់ ស្រវឹងស្រាជោគជាំ បានបើករថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-6280 ធ្វើដំណើរតាមផ្លូវជាតិលេខ២ ទិសដៅពីត្បូងទៅជើង បោះពួយលឿនដូចហោះ តម្រង់របាំងថ្មពុះចែកផ្លូវ តែជាន់ហ្វ្រាំងអូសរាប់ម៉ែត្រ ហើយក៏ទៅពន្លះរបាំងថ្មក្បាលព្រួញចែកផ្លូវទាំងកម្រោលតែម្ដង លាន់លឺដូចផ្ទុះគ្រាប់បែក បណ្ដាលឲ្យបាក់របាំងថ្មអស់មួយផ្ទាំង ចំណែករថយន្តខ្ទេចកង់ខាងឆ្វេង ខ្ទាតក្រឡាប់ផ្ងារជើងម្ខាងកណ្ដាលផ្លូវ ជាប់តៃកុងក្នុងរថយន្តរកផ្លូវចេញមិនបាន ផ្អើលទាំងអ្នកជិតខាង បើកទ្វារផ្ទះចេញមកជួយវាយបំបែកកញ្ចក់យកមកខាងក្រៅ និងរាយការណ៍ប្រាប់កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ចុះជួយអន្តរាគមន៍ផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម បានទាក់ទងទៅសមត្ថកិច្ចជំនាញវាស់វែង នៃអធិការនគរបាលខណ្ឌមានជ័យ ចុះមកពិនិត្យមើល រួចទាក់ទងប្រគល់ឲ្យសមត្ថកិច្ចជំនាញចុះវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរង់ចាំធ្វើការដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋ តាមផ្លូវច្បាប់៕