Sponsor

កណ្តាលៈ ឈាមស្រែកស្បែកហៅ! កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ តាមចាប់ឃាត់ខ្លួនឃាតករ ដែលរឹតកសម្លាប់នារីគូរស្នេហ៍ នៅផ្ទះសំណាក់រំចង់បានហើយ នៅក្នុងមូលដ្ឋានស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ ដោយកំពុងនាំខ្លួនជនសង្ស័យមកសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក។

កម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា ជាង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះនារីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់ "រំចង់" បន្ទាប់ពីជនសង្ស័យប្រើល្បិចលួងហៅចូលទៅដេក ហើយយកខ្សែការបូបរឹកកសម្លាប់ ហើយជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់រំចង់ នៅឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។

ផ្អែកតាមអត្តសញ្ញាណប័នបន្សល់ទុក ជនរងគ្រោះមានឈ្មោះ ផៃ ស្រីម៉ាក់ ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំពោះជនសង្ស័យខាងលើនេះ កម្លាំងអាវុធហត្ថខេត្តកណ្តាល និងបានប្រគល់ជូនកម្លាំងអាវុធហត្ថខេត្តព្រៃវែងបន្តនីតិវិធី។

គួរបញ្ជាក់ថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានធ្វើឲ្យអ្នកស្រុកចោមរោមមើលយ៉ាងកកកុញ ខណៈប្រទះឃើញស្រ្តីម្នាក់ ដេកស្លាប់យ៉ាងអណោចអធ័ម នៅក្នុងបន្ទប់លេខ២០៧ ផ្ទះសំណាក់ រំចង់ ស្ថិតក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌ ខេត្តព្រៃវែង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

សាកសពស្រ្តីរងគ្រោះ ត្រូវបានគេស្គាល់ថា ឈ្មោះ ហែ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល។ ចំណែកមូលហេតុនៃការស្លាប់ ជាជំហានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា គឺជាករណីឃាតកម្ម ដោយសារតែពេលពិនិត្យលើដងខ្លួនសាកសព ចំណុចត្រង់ក គេបានឃើញមានស្លាកស្នាមត្រូវបានរឹតនិងខ្សែអ្វីមួយ រហូតដល់ស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិត។

ចំពោះករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បានថា កើតឡើងដោយសារតែមូលហេតុអ្វីនោះទេ ប៉ុន្តែ គេសន្និដ្ឋានថា ឃាតករ គឺជាប្រុសស្នេហ៍របស់ស្រ្តីរងគ្រោះ ដែលមកជួលបន្ទប់ដេកជាមួយគ្នា ហើយបានចេញទៅវិញបាត់ មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងប្រមាណជា១០នាទី។

បើតាមការអះអាងរបស់ម្ចាស់ផ្ទះសំណាក់រំចង់ ជាផ្ទះកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោង៣រសៀល ស្រ្តីរងគ្រោះរួមជាមួយនិងបុរសម្នាក់ ជិះម៉ូតូម្នាក់មួយ បានមកជួលបន្ទប់មួយដោយប្រាប់ថា ជួលមួយម៉ោង លុះមួយម៉ោងក្រោយមក ក៏ឃើញបុរសម្នាក់នោះចេញទៅវិញតែម្នាក់ឯង ក្នុងអាកប្បកិរិយាប្រញាប់ប្រញាល់និងភ័យស្លន់ស្លោ។ ដោយមានការសង្ស័យ ម្ចាស់ផ្ទះក៏ចូលទៅមើលក្នុងបន្ទប់ដែលអ្នកទាំង២ដេក ក៏ស្រាប់តែឃើញស្រ្តីរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបមានការភ្ញាក់ផ្អើលឆោឡោឡើង និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។

ជុំវិញករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ ដោយកំពុងតែញាប់ដៃញាប់ជើង ក្នុងការស្វែងរកអត្តសញ្ញាណជនរងគ្រោះ និងបុរសជាប្រុសស្នេហ៍ ដែលរត់គេចខ្លួន ហើយគេជឿជាក់ថា នៅពេលចាប់ឃាត់ខ្លួនប្រុសស្នេហ៍នោះបានហើយ គេនិងអាចដឹងបានថា តើបុរសរូបនោះសម្លាប់ស្រីស្នេហ៍របស់ខ្លួន ដោយសារតែមូលហេតុអ្វីហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor