ភ្នំពេញៈ ថ្លែងចំពោះមុខតំណាងការទូតមកពីបណ្ដាប្រទេសនានា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនអាចធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិនឡើយ ខណៈប្រទេសមួយចំនួនជំពាក់បំណុលបរទេសរហូតទៅដល់ ២០០% ៣០០% ឬ៥០០% នៃចំនួន GDP។ នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងបែបនេះ បន្ទាប់ពីមានមតិមួយចំនួនលើកឡើងថា ប្រាក់កម្ចី ដែលកម្ពុជា ទទួលពីចិន កាន់តែមានចំនួនច្រើនឡើងៗ ដែលធ្វើឲ្យទំហំបំណុលដែលកម្ពុជា ជំពាក់ប្រទេសមហាអំណាចអាស៊ីមួយនេះ ធំជាងគេបង្អស់។
ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅប្រទេសជប៉ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំបានឮគេនិយាយរឿងនេះ យ៉ាងច្រើនថា កម្ពុជា អាចនឹងធ្លាក់ទៅក្នុងអន្ទាក់បំណុលរបស់ចិន។ និយាយមួយបែប មិនមែនគ្រាន់តែជាបញ្ហាទំនាក់ទំនងរវាងផ្លូវមួយខ្សែក្រវាត់មួយទេ។ ក៏ប៉ុន្ដែខ្ញុំអាចបញ្ជាក់បានថា មិនដល់កម្រិតនោះទេ ប្រទេសខ្លះជំពាក់បំណុលគេរហូតទៅដល់២០០% ឬ៣០០% ឬ៥០០% នៃ GDP ប៉ុន្ដែវាមិនជំពាក់ចិនណា អីចឹងវាមិនមែនជាអន្ទាក់របស់ចិនទេ ប្រទេសខ្លះ អត់ជំពាក់ចិនផង ប៉ុន្ដែជំពាក់តាំងពេលមុនមក”។
សម្ដេចបន្ដថា កម្ពុជា រក្សានូវអធិបតេយ្យភាពរបស់ខ្លួននៅក្នុងការខ្ចីពីចិន គឺកម្ពុជា ខ្ចីទៅតាមគម្រោងដែលកម្ពុជា ត្រូវការ។ ដូច្នេះចិន ក៏បានគោរពទៅតាមការខ្ចីរបស់កម្ពុជាផងដែរ ខណៈសម្ដេច អះអាងថា ចិន មិនបានចាប់បង្ខំកម្ពុជា ឲ្យធ្វើតាមប្រទេសចិនឡើយ។
សម្ដេចថា “ខ្ញុំសូមគូសបញ្ជាក់ថា ចិន មិនបានបង្ខំឲ្យយើងធ្វើនេះ ឬធ្វើនោះទេ។ ប៉ុន្ដែចិន បានគោរពនូវការសម្រេចចិត្តរបស់យើងការប្រើប្រាស់ឥណទាន ដែលយើងខ្ចីនេះយកទៅធ្វើអ្វី”។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា បានបន្ដថា ការខ្ចីប្រាក់ពីចិន មានអត្រាការប្រាក់ទាប និងរយៈពេលវែង។ នាយករដ្ឋមន្ដ្រីថា កម្ពុជា មានការប្រុងប្រយ័ត្នខ្លាំងបំផុត ទៅលើបញ្ហាការខ្ចីប្រាក់ពីបរទេសដូច្នេះ រហូតមកដល់ពេលនេះកម្ពុជា ទើបតែជំពាក់បំណុលបរទេស២១,៥% ស្មើនឹងអនុបាត៤០% ដែលអនុញ្ញាតឲ្យខ្ចី ខណៈកម្ពុជា ទើបតែខ្ចីបរទេស២១,៥%តែប៉ុណ្ណោះ។
សូមរំឭកថា ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន មានចំនួន៥.៨០០លានដុល្លារ ដោយក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ៤.៤០០លានដុល្លារ និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ១.៤០០លានដុល្លារ គិតត្រឹមឆ្នាំ២០១៨៕
