បន្ទាយមានជ័យៈ គ្រឿងក្នុងជ្រូកទម្ងន់១តោន ដែលឈ្មួញនាំចូលពីថៃដោយខុសច្បាប់ ត្រូវបានមន្ត្រីគយ និងរដ្ឋាករតំបន់៥ សហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាល ចាប់បាននៅវេលាម៉ោង៩យប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាត់លេខ៥ ស្ថិតភូមិ.សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ការស្ទាក់ចាប់គ្រឿងក្នុងជ្រូកខាងលើនេះ ដោយមានការណែនាំពីអគ្គយកដ្ឋានផលិតកម្ម និងបសុព្យាបាល និងវិធានការពីប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹង និងទប់ស្កាត់បទល្មើសផលិតផលសត្វ ដែលនាំចូលពីប្រទេសជិតខាងដោយខុសច្បាប់។
លោក បានបញ្ជាក់ថា ប្រតិបត្តិការនេះ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអោមសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីគយ និងរដ្ឋាករចល័តតំបន់ប្រាំប្រចាំខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្ត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ឃាត់រថយន្តសាំយ៉ុង១គ្រឿង ពណ៌លឿងជាប្រភេទរថយន្តតាក់ស៊ី ពាក់ស្លាក់លេខភ្នំពេញ2AF.8330 ដែលដឹកគ្រឿងក្នុងជ្រូកចំនួន១៦កេស មាន មានពោះវៀនជ្រូក១០កេស ស្មើទម្ងន់៧០០គីឡូក្រាម និងឆ្នឹងជំនីជ្រូក៦កេស ស្មើទម្ងន់៣០០គីឡូក្រាម ព្រមទាំងឃាត់អ្នកបើកបររថយន្តម្នាក់។
លោក ហ៊ុយ ទូច បានបញ្ជាក់ថា ក្រោយឃាត់ រថយន្ត និងក្នុងជ្រូកទម្ងន់១តោន បាននាំយកមកការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអោយមន្ត្រីជំនាញធ្វើការពិនិត្យ ឃើញថា គ្រឿងក្នុងជ្រូក ដែលជាផលិតកម្មសត្វវេចខ្ចប់ និងដឹកគ្មានលក្ខណៈបច្ចេកទេស ហើយគ្មានច្បាប់អនុញ្ញាត។
តាមចម្លើយអ្នកបើកបរ បានសារភាពថា គ្រឿងក្នុងជ្រូកទាំងនេះ ត្រូវបានឈ្មួញនាំចូលពីប្រទេសថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយគាត់ជាអ្នកស៊ីឈ្នួលដឹកទៅខេត្តកំពង់ចាមដែលមានគ្រឿងក្នុងជ្រូកចំនួន១៦កេសស្មើទម្ងន់១,០០០គីឡូក្រាម ដឹក១កេសតម្លៃ១០ដុល្លារ ហើយត្រូវសមត្ថកិច្ចចាប់បាន។
យោងតាមចម្លើយសារភាព អ្នកបើកបររថយន្ត ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ ដោយឡែកគ្រឿងក្នុងជ្រូកត្រូវបានយកទៅកប់ចោលនៅទីលានចាក់សំរាមក្រុងសិរីសោភ័ណនៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩៕