
ភ្នំពេញៈ កន្លងមក គេដឹងត្រឹមតែថា ចំណងស្នេហ៍រវាងលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្ដាយបង្កើតរបស់ Freshie Boy លោក ថៃ នរៈវិទូ ប្រេះឆាគ្នាប៉ុណ្ណោះ តែគេមិនដែលឃើញលោក ថៃ នរៈសត្យា ប្រកាសថា នារីណាម្នាក់ គឺជាភរិយាថ្មីរបស់លោកឡើយ បើទោះជាមានការអះអាងថា លោកមានគ្រួសារថ្មីហើយ ក្រោយលែងលះជាមួយភរិយាដើម។
យ៉ាងណាមិញ កាលពីថ្ងៃទី១៥ ខែមិថុនាថ្មីៗនេះ គេឃើញលោកធ្វើពិធីសំពះផ្ទឹម អមដោយពិធីសម្ពោធវីឡា បង្ហាញថា មេម៉ាយស្រស់ស្អាតមួយរូប ដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយបង្កើតរបស់ភរិយាដើម ដែលត្រូវជាមីងជីដូនមួយលោក ថៃ នរៈវិទូ ត្រូវគេថា ជាលោកជំទាវថ្មី ខណៈដែលគ្រាន់ចប់ពិធីក៏មានសរសើរគ្រប់ម៉ាត់ថា ភរិយារបស់លោកវ័យក្មេង ហើយស្រស់សោភាទៀត។
អ្នកនាង ទេព សុធីតា ដែលប្រើហ្វេសប៊ុកឈ្មោះ Tep Sreythea បានប្រកាសក្នុងពិធីឡើងផ្ទះថា លោកថៃ នរៈសត្យា គឺជាស្វាមីរបស់ខ្លួន ដោយអ្នកនាងបានទាំងប្រកាសអរគុណដល់ភ្ញៀវកិត្តិយស ដែលបានចូលរួមក្នុងពិធីសម្ពោធវីឡារបស់ខ្លួន ស្ថិតនៅ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងស្វាមី ដែលអ្នកនាងចង់សំដៅដល់ លោក ថៃ នរៈសត្យា។ ក្នុងពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមប្រកាសអ្នកនាង ទេព សុធីតា ជាភរិយាផ្លូវការនោះ ក៍មានទាំងតារាល្បីៗ ដូចជានាយក្រឹម ចូលរួមច្រៀងរាំផង។ ម្នាក់ៗសរសើរថា លោក ថៃ នរៈសត្យា ពិតជាមានសំណាងមែនដែលបានភរិយាក្រោយវ័យក្មេង ហើយស្រស់ស្អាតផូរផង់។
យ៉ាងណាមិញ មានការទម្លាយថា លោក និងភរិយាក្រោយដែលត្រូវគេស្គាល់ថា ជាប្អូនជីដូនមួយភរិយាដើមរូបនេះ រួមរស់ជាមួយគ្នាច្រើនឆ្នាំមកហើយ បន្ទាប់ពីម៉េម៉ាយ និងពោះម៉ាយរៀងខ្លួន ដោយគ្រាន់តែកន្លងមកមិនការប្រកាសជាសាធារណៈពីចំណងស្នេហ៍។ មកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនចៅជាចំណងស្នេហ៍នៅឡើយទេ ប៉ុន្តែជីវិតរស់នៅ ពិរពេញដោយសុភមង្គលគួរអោយសរសើរ បើទោះជាលោក និងភារិយាក្រោយ មានអាយុខុសគ្នាជិត៤០ឆ្នាំ។
អ្នកចូលរួមពិធីឡើងវីឡា អមដោយពិធីសំពះផ្ទឹមមិនខុសពីការរៀបការភរិយាក្រោយរបស់លោក សុទ្ធតែលាន់មាត់ថា ភរិយាក្រោយរបស់លោកស្រស់ស្អាត និងវ័យក្មេង ខណៈដែលគេដឹងថា លោក ថៃ នរៈសត្យា មានវ័យប្រមាណ៧០ឆ្នាំទៅហើយ នៅតែអាចរកឃើញភរិយាស្រស់ស្អាតវ័យ៣០ស្ដើងបាន ហើយមានសម្រស់មិនចាញ់តារា។
អ្នកនាង ទេព សុធីតា បានបង្ហោះរូបផ្អែមល្ហែមជាច្រើនសន្លឹក អមដោយការប្រកាសថា លោក ថៃ នរៈសត្យា គឺស្វាមី ដែលកាន់តែធ្វើអោយមហាជនលួចច្រណែនថា លោក ថៃ នរៈសត្យា ពិតជាសំណាងណាស់ ដែលវ័យជ្រេទៅហើយ តែបានភរិយាក្រោយវ័យស្មើនឹងកូន ធ្វើជាគូជីវិត៕












