ភ្នំពេញៈ តំណាងអយ្យការសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចធ្វើការចោទប្រកាន់បុរសជនជាតិស្បែកខ្មៅម្នាក់ និងស្រ្តីខ្មែរម្នាក់ ពីបទឆបោកតាមមាត្រា.៣៧៧ ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យឈ្មោះ NWOSU MARTINS អាយុ៣១ឆ្នាំ ជនជាតិអាហ្រ្វិកខាងត្បូង និងស្រីស្នេហ៍ឈ្មោះ កាន ឡានីន ហៅស្រីអូន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ។ នៅថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរបានចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទទាំង២នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ជនជាប់ចោទ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ដោយជាប់ពាក់ព័ន្ធក្នុងការបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយទំនាក់ទំនងមកជនរងគ្រោះឲ្យទុកចិត្ត និងសន្យាផ្ញើលុយឲ្យជនរងគ្រោះ បន្ទាប់មកប្រើល្បិចឲ្យជនរងគ្រោះចេញថ្លៃសេវា និងពន្ធផ្សេងៗ ដោយផ្ញើតាមវីងជាបន្តបន្ទាប់ចំនួន៣លើក លើកទី១ចំនួន ៥៥០$, លើកទី២ចំនួន ៥,៣០០ដុល្លារអាមេរិក និងលើកទី៣ចំនួន ៤,៧០០ដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ។
ចំពោះលុយកាក់ដែលបោកបញ្ឆោតបានពីជនរងគ្រោះពួកគេស៊ីចាយអស់ហើយ គ្មានប្រាក់សងវិញទេ៕