ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានហូបនំបញ្ចុករួមគ្នា ដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។
សម្ដេចតេជោ លើកឡើងបែបនេះ បន្ទាប់ពីសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងសកម្មជនអតីតបក្សប្រឆាំង បានរៀបចំជួបជុំទទួលទាននំបញ្ចុកជាមហាគ្រួសារខ្មែរ បានបង្ហាញឲ្យឃើញ ពីសាមគ្គីភាព មិត្តភាព ការលើក ស្ទួយផលិតផលខ្មែរ ដែលនំបញ្ចុកនេះ គឺជាអាហាររបស់ខ្មែរ មួយប្រភេទដ៏ពេញនិយមនៅគ្រប់តំបន់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ មិថុនា បានសរសេរថា “សូមបងប្អូនជនរួមជាតិហូបនំបញ្ចុកឲ្យបានឆ្ងាញ់ នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍នេះ។អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបាន រៀបចំនំបញ្ចុកហូបរួមគ្នាដោយមិនប្រកាន់ក្រុមប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ”។
សម្ដេចបញ្ជាក់ថា ពលរដ្ឋខ្មែរហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិ ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
សូមរំលឹកថា នំបញ្ចុកមានឈ្មោះ ដើមថា នំប៉ែនចុក គឺជានំដែលគេយកម៉្សៅសម្រស់ ទៅស្ងោរហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ ជាសរសៃក្នុងទឹកពុះឲ្យឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក ៕