Sponsor

ភ្នំពេញៈ បុរសម្នាក់ ធ្លាយខួរស្លាប់មួយរំពេច ខណៈកំពុង​ជិះ​ម៉ូតូ PCX មួយគ្រឿង ទៅធ្វើការ ស្រាប់តែ​ត្រូវរថយន្តធុនធំ បុក​ពីក្រោយពេញទំហឹងដួលខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្តកិនបែកក្បាល ធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មកណ្ដាលផ្លូវតែម្ដង។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ១ ហើយរថយន្តបើករត់ រហូត​ច្រមុះជ្រូកក្បាលថ្នល់ ទើបសមត្ថកិច្ចស្ទាក់ចាប់បាន។

ជនរងគ្រោះស្លាប់ឈ្មោះ មឿង ស៊ីចាន់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការផ្នែកខាងសំអាត ក្រុមហ៊ុន (GSU Cambodia Co, Ltd) ក្នុងព្រលានយន្តហោះ អន្តរជាតិភ្នំពេញ  បច្ចុប្បន្នរស់នៅក្នុងបុរីតាង៉ូវ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ជិះ​ម៉ូតូម៉ាកPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GT-4981 ហើយមានប្រពន្ធ និងកូន២នាក់ប្រុសមួយស្រីមួយ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យ “ខេមប៉ុស្តិ៍” ដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ តាមបណ្តយផ្លូវជាតិលេខ១ ទិសដៅពីកើតទៅលិច ខណៈមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែមានរថយន្តហ៊ីយាន់ដាយធុនធំ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-7101 បើកមកពីក្រោយស្របទិសគ្នា បានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង ខ្ទាតមនុស្សចូលក្រោមកង់ រថយន្តកិនបែកក្បាល ធ្លាយខួរស្លាប់តែម្ដង។

ប្រភពដដែល បានបន្តថា ភ្លាមៗនោះ អ្នកបើករថយន្តមិន​ឈប់ទទួលខុសត្រូវនោះទេ បានព្យាយាម បើករត់គេចចេញពីកន្លែងកើ​តហេតុ ត្រូវបានប្រជាពលរដ្ឋ ជិះដេញតាមនិងស្រែកប្រាប់សមត្ថកិច្ច ដែលឈរជើ​ងនៅគោលដៅច្រមុះជ្រូកក្បាលថ្នល់ ស្ទាក់ឃាត់បានទាំង រថយន្ត និងអ្នកបើកបរ រួចទាក់ទងសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ មកយកទៅសាកសួរនៅ អធិការដ្ឋានខណ្ឌច្បារអំពៅតែម្តង។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅតម្កល់រៀបចំធ្វើ​បុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក រង់ចាំ​សមត្ថកិច្ចជំនាញ ចុះមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបរ យកទៅការរិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយពេលក្រោយ  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor