
ភ្នំពេញៈ ឧកញ៉ា សុខ ប៊ុន អគ្គនាយកក្រុមហ៊ុន សុខ ប៊ុន និងអាជ្ញាធរសង្កាត់កោះរ៉ុងចំនួន៥នាក់ទៀត ត្រូវបានចាប់ខ្លួបញ្ជូនមកតុលាការ កាលពីព្រឹកថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធការក្លែងបន្លំឯកសារ និងទន្ទ្រានដីរដ្ឋ។
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៩ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បាននាំខ្លួនឧកញ៉ា សុខ ប៊ុន និងក្រុមមន្ត្រីអាជ្ញាធរក្រុងកោះរ៉ុងចំនួន៥នាក់ទៀត មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធករណីក្លែងលិខិតបន្លំយកដីរបស់ប្រជាពលរដ្ឋ និងទន្ទ្រានដីរដ្ឋក្នុងសហគមន៍កោះរ៉ុង ខេត្តព្រះសីហនុ។
ជនសង្ស័យទាំង៦នាក់ ដែលអង្គភាពប្រឆាំងអំពើពុករលួយចាប់បញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ ១ឈ្មោះ សុខ ប៊ុន អគ្គនាយកក្រុមហ៊ុន សុខ ប៊ុន។ ២ឈ្មោះ អ៊ួង និត ប្រធានក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៤ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្លាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៥ឈ្មោះ កែវ សោម ចៅសហ្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ៦ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
សំណុំរឿងក្លែងលិខិតទន្ទ្រានកាន់កាប់ដីរដ្ឋនៅកោះរ៉ុងនេះ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរ។
ពាក់ព័ន្ធករណីនេះ ប្រភពព័ត៌មានពីក្រុងព្រះសីហនុ បានអោយដឹងថា កាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋចំនួន៤២គ្រួសារ រស់នៅសង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ ប្តឹងថា បានលួចវាស់វាងដីធ្លី នៅត្រង់ចំណុចពយតាផេង ពយអាពត និងថ្មជញ្ជាំង ក្នុងភូមិព្រែកស្វាត សង្កាត់កោះរុង ដែលពួកគាត់គ្រប់គ្រង និងអាស្រ័យផលតាំងពីយូរឆ្នាំមកហើយ។
តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៤២គ្រួសារ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមណ៍ទៅលោកអភិបាលខេត្តព្រះសីហនុ បានចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងក្រុមការងារក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាល ដឹកនាំដោយលោក សួន សូផា ថា បានលួចវាស់វែងដីធ្លីរបស់ពួកគាត់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨កន្លងមកនេះ ត្រង់ចំណុចពយតាផេង ពយអាពត និងថ្មជញ្ជាំង ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរុង ក្រុង-ខេត្តព្រះសីហនុ។
ក្នុងពាក្យសុំអន្តរាគមណ៍របស់អ្នកភូមិ បានបញ្ជាក់ថា «ពួកគាត់មានកិច្ចសន្យាផ្ទេរសិទ្ធិកាន់កាប់ដីលេខ ២៥ របសរ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៣ ។ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីលេខ ១៨៨ របករ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៨ ចុះហត្ថលេខាដោយលោក អ៊ួន និត អតីតចៅសង្កាត់កោះរុង និងសាលាកបត្រព័ត៌មានចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ រួមទាំងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផងដែរ »។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ដីដែលត្រូវបានលោកឧកញ៉ា សុខ ប៊ុន នាំក្រុមមន្ត្រីក្រសួងដែនដីចុះវាស់វែងនោះ អ្នកភូមិអាស្រ័យផល ប្រកបរបរធ្វើចម្ការ ដាំដំណាំដូង, ខ្នុរ, ស្វាយចន្ទី និងដំណាំផ្សេងៗទៀតតាំងពីដូនតា។ល។ លុះក្រោយឆ្នាំ១៩៧៩ ពួកគាត់បានមករស់នៅកាន់កាប់ដីចម្ការចាស់បន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិ សង្កាត់ ក្រុង។
ប្រជាពលរដ្ឋ បន្តទៀតថា កាលពីពេលថ្មីៗនេះ ក្រុមការងារថ្នាក់ជាតិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល បានចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ និងបានប្រកាសបិទផ្សាយទិន្នន័យក្បាលដីជាសាធារណៈនូវឯកសារសូរិយោដី ប្លង់សុរិយោដី និងបញ្ជីឈ្មោះអ្នកកាន់កាប់ដី ដែលក្រុមការងារបច្ចេកទេសចុះបញ្ជីដីធ្លី បានធ្វើការវាស់វែងប្រមូលទិន្នន័យរួចរាល់ហើយ ស្របតាមនីតិវិធី ដោយទុករយៈពេល១៥ថ្ងៃធ្វើការតវ៉ាចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧កន្លងមក។
ប្រជាពលរដ្ឋបន្តថា បន្ទាប់ពីការបិទផ្សាយទិន្នន័យក្បាលដីជាសាធារណៈនោះ គ្មានអ្នកតវ៉ាទេ លុះនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨កន្លងមកនេះ លោកឧកញ៉ា សុខ ប៊ុន រួមទាំងក្រុមការងារក្រសួងដែនដីមានលោក ជួន សូផា និងមន្ត្រីមួយចំនួនទៀតបានឃុបឃិតលួចវាស់ដីធ្លីរបស់ពួកគាត់កំពុងកាន់កាប់ដោយស្របច្បាប់ និងអាស្រ័យផលជារៀងរាលថ្ងៃទាំងបំពានដោយគ្មានអាជ្ញាធរភូមិ សង្កាត់ដឹកឮចូលរួមសហការចូលឡើយ។
ដោយឃើញសកម្មភាពរំលោភច្បាប់របស់ឧកញ៉ា សុខ ប៊ុន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិក៏នាំគ្នាតវ៉ាភ្លាមៗហើយលោក សុខ ប៊ុន បានអះអាងថា ដីគាត់មានចំនួន៥២៥ហិកតា ប៉ុន្តែឯកសារកាន់កាប់មិនដឹងស្ថាប័ណ្ណណាចេញអោយគាត់ទេ ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល បានសម្រេចស្ដីពីការបង្កើតក្រុមការងារចុះបញ្ជីដីនៅភូមិកោះតូច ដើមថ្កូវ ព្រែកស្វាយ និងភូមិសុខសាន្ត នៃសង្កាត់កោះរុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលចែកចេញជា២១ក្រុម ចុះវែសវែង ប្រមូលទិន្នន័យក្បាលដី ដើម្បីចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលបាននឹងកំពុងកាន់កាប់ជាក់ស្ដែង ហើយដីដែលនៅសេសសល់ជាដីរដ្ឋ ប៉ុន្តែក្រុមហ៊ុនសុខ ប៊ុន និងអាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់កោះរ៉ុងឃុបឃិតគ្នាទន្ទ្រានធ្វើជាកម្មសិទ្ធទើបអង្គភាពប្រឆាំងអំពើពុករលួយចុះបើកការសើបអង្កេតឈានដល់ការឃាត់ខ្លួនលោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរសង្កាត់កោះរ៉ុងចំនួន៥នាក់ទៀតបញ្ជូនអោយតុលាការសម្រេចតាមច្បាប់៕
