
ស្វាយរៀងៈ វ៉ាលីដាក់គ្រឿងញៀនទម្ងន់ ១៧គីឡូក្រាមត្រូវបានសមត្ថកិច្ចបង្រ្កាបបានកាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចន្លោះព្រំដែនកម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនចូលចំការប្រេងខ្យល់បាត់។
យោងតាមសមត្ថកិច្ចថា ខណៈពេលដែលកម្លាំងនគរបាលការពារព្រំដែនលេខ៦១១ បានចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែនត្រង់ចំណុចបង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេងច្រកទ្វារអន្តរជាតិបាវិត ក៏បានជួបនឹងជនសង្ស័យម្នាក់ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីសធំមួយ, ដោយសមត្ថកិច្ចយើងមានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ ប៉ុន្តែជនសង្ស័យលឺសមត្ថកិច្ចហៅអោយឈប់ក៏បានទម្លាក់វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់តែម្តង។
បន្ទាប់សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យឆែកឆេរក្នុងវ៉ាលីសនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថាជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន១៧ដុំ ដែលស្មើនឹងប្រមាណ១៧គីឡូក្រាម។
លោក កែវ សុថា ស្នងការរងខេត្តស្វាយរៀង ទទួលបន្ទុកផែនគ្រឿងញៀន បានឲ្យដឹងថា ករណីនេះ ជនសង្ស័យប្រុងនាំយកគ្រឿងញៀនទៅកាន់ប្រទេសវៀតណាម តែនៅពេលសមត្ថកិច្ចហៅឃាត់សួរ ជនសង្ស័យភ័យក៏រត់បាត់ទៅ។ តែយ៉ាងណាក៏ដោយ ពេលនេះលោកកំពុងទាក់ទងធ្វើការជាមួយភាគីវៀតណាម ធ្វើការងារលើករណីនេះ ដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។
បច្ចុប្បន្នវត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕


