ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាបានជ្រាបហើយករណីរឿង នំបញ្ចុកដែលកាលពីយប់មិញ ថ្ងៃទី ០៦ ខែមិថុនា លោកមេប៉ុស្តិ៍ពាមប្រធ្នោះ ស្រុកកោះសូទិន ត្រូវបានលោកអភិបាលខេត្ត គួច ចំរើន ដកបញ្ឈរជើងនៅស្នងការខេត្ត ក្រោយពីបានចុះទៅឃាត់ពលរដ្ឋជួបជុំគ្នាហូបហូបនំបញ្ចុក ដោយអះអាងថា មិនទាន់បានសុំច្បាប់ជាមុន ។
រហូតមកដល់ថ្ងៃទី ០៧ ខែមិថុនា នេះ លោក ហេង ប៊ុនថន មេប៉ុស្តិ៍ពាមប្រធ្នោះ មិនសុខចិត្តចំពោះការដករបស់លោកអភិបាលខេត្តឡើយ ដោយបានស្នើសុំកិច្ចអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយស្វែងរកយុត្តិធម៌ដល់ខ្លួន ព្រោះថា អ្វីៗដែលបានធ្វើនោះ គឺធ្វើតាមបញ្ជារបស់លោកវរៈសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន មិនមែនធ្វើឡើងដោយចិត្តឯងនោះឡើយ។
ដែលលិខិតដែលស្នើសុំកិច្ចអន្តរាគមន៍ ស្វែងរកយុត្តិធម៌របស់លោក ហេង ប៊ុនថន មានសេចក្តីថា៖
«សម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបាទអនុសេនីយ៍ឯក ហេង ប៊ុនថន អត្តលេខ៤៨៣០២ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
«ខ្ញុំបាទកើតទុកមិនសុខចិត្ត នូវភាពអយុត្តិធម៌មកលើរូបខ្ញុំបាទដែលជាមន្ត្រីនគរបាល ដែលខំតស៊ូរបំរើជាតិ និងប្រជាជនតាំងពីឆ្នាំ១៩៩៣មកម្លេះ ហើយពេលនេះត្រូវឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានដកតួនាទីខ្ញុំពីនាយប៉ុស្តិ៍នូវពេលដែលខ្ញុំបាទត្រូវលោកវរៈសេនីយ៍ឯក អ៊ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន ចេញបទបញ្ជាឲ្យដឹកនាំកម្លាំងចុះទៅពិនិត្យ និងថតរូបសកម្មភាពប្រមូលផ្តុំនៅផ្ទះលោក សេក សណ្តាប់ ភេទប្រុស អាយុ៤៩ឆ្នាំនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន។
«តាមបទបញ្ជារបស់លោកអធិការខ្ញុំបាទបានចាត់កម្លាំងទៅពិនិត្យមើលចំនួន៣នាក់ ដោយខ្ញុំបាទនៅចូលរួមពិធីសម្ភោធផ្លូវថ្នល់នៅភូមិវាលរួមជាមួយលោកអភិបាលស្រុក។ មុនពេលចុះទៅ គឺខ្ញុំបាទបានរាយការណ៍ជូនលោកអធិការ, អធិការងជាច្រើនដង ហើយបានរាយការណ៍ជូនលោកអធិការពីការជួបជុំនៅផ្ទះលោក សេក សណ្តាប់ហើយលោកអធិការបានបញ្ជាឲ្យរូបខ្ញុំចុះទៅផ្ទាល់តែម្តង។
«ពេលទៅដល់ខ្ញុំឃើញមនុស្សប្រុស, ស្រីជាច្រើននាក់ ខ្លះនៅអង្គុយនៅលើផ្ទះ និងនៅក្រោមផ្ទះ។ ខ្ញុំបានរាយការណ៍ជូនលោកអធិការតែគាត់នៅតែបញ្ជាឲ្យខ្ញុំបាទចូលទៅជិតហើយថតរូបពីសកម្មភាពការប្រមូលម្តុំគ្នាមកជួបជុំ។
«ខ្ញុំបានប្រកែកមិនចូលតែលោកអធិការ អ៊ឹម ឃឿន នៅតែបញ្ជាឲ្យខ្ញុំចូលទៅ ហើយនិយាយថា “ខ្លាចអីយើងជាសមត្ថកិច្ចមានសិទ្ធថតបាន ហើយសាកសួរ តើការជួបជុំគ្នានេះរឿងអី? ខ្ញុំមិនហ៊ានចូលតែលោកអធិការនៅតែបញ្ជាឲ្យចូល! ខ្ញុំចូលទៅសាកសួររួចខ្ញុំរាយការណ៍ជូនលោកអធិការវិញភ្លាមពីសមាសភាពអ្នកមកចូលរួម។
«លោកអធិការបានបញ្ជាឲ្យរូបខ្ញុំបាទបំបែកការប្រមូលផ្តុំនេះចេញភ្លាមកុំឲ្យជួបគ្នាប្រមូលផ្តុំគ្នា។
«តើការអនុវត្តតាមបទបញ្ជារបស់លោកអធិការ អ៊ឹម ឃឿន ហេតុអ្វីបានជារូបខ្ញុំបាទត្រូវទទួលកំហុសដោយអយុត្តិធ៌ម ត្រូវឯកឧត្តមអភិបាលខេត្តកំពង់ចាម ដកតួនាទី ហើយត្រូវទៅប្រឈមមុខនៅការិយាល័យបុគ្គលិកទៀត?។ តើភាពយុត្តិធ៌មនៅឯណា?។
«សូមសម្តេចសេនាបតីតេជោ ហ៊ុន សែន ជួយរកយុត្តិធ៌មដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះ។ សូមសម្តេចមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»៕