ព្រះសីហនុៈ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កាលពីម៉ោង៩ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន តាមរថយន្តដឹកទំនិញធុនធំមួយករណី  នៅចំណុច​ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ប៉ុន្តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបាន លោតចុះពីរថយន្ត ហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់។

បន្ទាប់មកកម្លាំងសមត្ថកិច្ច បានឆែកឆេរក្នុងរថយន្ត រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និង ឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួន។

លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា មុខសញ្ញាលក់ ចែកចាយគ្រឿងញៀន តាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញ បានតាមដានឃ្លាំមើលយូរមកហើយ លុះដល់ពេលវេលាខាងលើ សមត្ថកិច្ចបាន​ឃាត់រថយន្តបម្រុង​ឆែកឆេរ ស្រាប់តែ មុខសញ្ញាបានបើករថយន្តធុនធំយ៉ាងលឿន ដើម្បីគេចខ្លួន សមត្ថកិច្ចបានសម្រេច​ប្រើអាវុធ បាញ់ បំបែកកង់មុខតែម្តង ពេលរថយន្ដ ត្រូវបានបញ្ឈប់ល្បឿន អ្នកបើកបរ បានលោតចុះ  ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់។ ពេលនោះកម្លាំងជំនាញ បានដេញតាមរកនៅក្នុងព្រៃនោះដែរ ប៉ុន្តែជនសង្ស័យនោះ បានគេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចបានបន្តស្វែងរករហូតដល់ម៉ោង២រសៀល នៅតែមិនឃើញ។

ពេលដែលកម្លាំងជំនាញធ្វើការឆែកឆេរក្នុងរថយន្ត បានរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖    ១,ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ២,ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារ អត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជា របស់  ជនសង្ស័យឈ្មោះ ម៉ិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  មុខរបរ បើកបរ រថយន្ត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post