header ads

Sponsor

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងមានសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ឲ្យបានខ្លាំងក្លាបំផុត ខណៈប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ដែលជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងមកថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ នូវការនាំចូលលុយដ៏ច្រើនលើសលប់ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ។

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ដូច្នេះថា «រឿងលាងលុយ ឥឡូវនេះកម្ពុជាត្រូវគេចាត់ទុកថា ជាប្រទេសពណ៌ប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀត វានឹងទៅខ្មៅ បើសិនណាយើងមិនយកចិត្តទុកដាក់។ សម្ដេចក្រឡាហោមយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ មានតែមនុស្សមួយក្រុមទេ ប៉ុន្ដែបើងាប់ គឺងាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយ គេចាត់ទុកថា កម្ពុជា ជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក»

សម្ដេចក្រឡាហោម ស ខេង បញ្ជាក់ទៀតថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់ ដើម្បីមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែងតែម្តង។

សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក្នុងឱកាសនោះ ក៏បានក្រើនរំលឹកផងដែរថា អ្នកដែលប្រព្រឹត្តបទល្មើសនេះ គឺពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ច ដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។

ការដាក់បទបញ្ជាបែបនេះរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ ដោយត្រូវបានប្រកាស លោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដោយមានសមាជិកក្រុមប្រឹក្សាចំនួន២៧រូប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post