ភ្នំពេញៈ លោកឧត្តមសេនីយ៍ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ បានឲ្យមេធាវីតំណាងរបស់លោក សិក្សាពីផ្លូវច្បាប់រួចហើយ ដើម្បីដាក់ពាក្យប្ដឹងលោក សម រង្ស៊ី ដែលចោទសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាអ្នកសម្លាប់ឪពុករបស់លោក គឺនាយឧត្តមសេនីយ៍ ហុក ឡុងឌី អតីតអគ្គស្នងការនគរបាលជាតិ។

លោក ឌី វិជ្ជា មិនទាន់អាចបញ្ជាក់បានឡើយថា លោកប្តឹងលោក សម រង្ស៊ី ពីបទអ្វី ហើយលោក ក៏មិនបរិយាយអ្វីច្រើនដែរ ដោយទុកឲ្យមានមេធាវី ជាអ្នកផ្តល់ព័ត៌មាននេះ ពេលសំណុំរឿងត្រូវបានបញ្ជូនទៅតុលាការ។

លោកប្រាប់អ្នក​កាសែត នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «ចាំឲ្យមេធាវីរបស់ខ្ញុំ ប្រកាសតែម្តងទៅ »

បណ្តឹងដាក់ទៅតុលាការនៅពេលណា ក៏លោក ឌី វិជ្ជា មិនបានបញ្ជាក់ដែរ។ ប៉ុន្តែលោក អះអាងថា លោកប្តឹងលោក សម រង្ស៊ី នៅតុលាការកម្ពុជា គឺមិនមែនទៅតុលាការបារាំងនោះទេ។

លោកឧត្តមសេនីយ៍ ឌី  វិជ្ជា បានប្រាប់អ្នកកាសែតថា ការលើកឡើងរបស់លោក សម រង្ស៊ី គឺជាការប្រឌិតព័ត៌មាន ដែលធ្វើឲ្យមតិជាតិ និងអន្តរជាតិភាន់ច្រឡំ ។ លោកបំភ្លឺបែបនេះថា «ការស្លាប់របស់ឪពុកខ្ញុំ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាចក្រ ដោយសារកត្តាអាកាសធាតុ ត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅធ្វើជាឧបាយកលទុច្ចរិត ក្នុងការបម្រើមហិច្ឆតានយោបាយរបស់ខ្លួន ដើម្បីប្រឌិតរឿងបំបែកបំបាក់ផ្ទៃក្នុងនៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់»

ការប្រកាសប្តឹងរបស់លោក ឌី វិជ្ជា គឺធ្វើឡើងបន្ទាប់ពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង សម្តេច ស ខេង រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសរួមគ្នាថា ឲ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្តឹងលោក សម រង្ស៊ី ទៅតុលាការបារាំង។

សម្តេចតេជោ ហ៊ុន សែន មិនសុខចិត្ត ដែលលោក សម រង្ស៊ី ចោទសម្តេចថា ជាអ្នកសម្លាប់លោក ហុក ឡុងឌី ដែលជាដន្លង។ ចំណែកសម្តេច ស ខេង ប្តឹងប្រឆាំងនឹងលោក សម រង្ស៊ី ដែលចោទសម្តេចថា មានបំណងធ្វើរដ្ឋប្រហារនិងបក្សប្រហារ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post