Sponsor

ភ្នំពេញៈ បញ្ហាដកហូត ប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ លើកលែងតែអាវុធ នៅកម្ពុជា(EBA) ពីសំណាក់ សហភាពអឺរ៉ុប (EU) នៅតែជាបញ្ហាស្រួចស្រាល សម្រាប់កម្ពុជា ដែលចំណុចនេះ បានធ្វើឲ្យលោក វីទ័រ អូបេន (Viktor Orban) នាយករដ្ឋមន្ត្រីហុងគ្រីអះអាងថា EBA គឺជារឿងខ្វែងគំនិតគ្នា រវាងសហភាពអឺរ៉ុបនិងកម្ពុជា ប៉ុន្តែផ្ទុយទៅវិញ ហុងគ្រីតែងតែគាំទ្រកម្ពុជាជានិច្ច ពិសេសមិនគាំទ្រ បញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់ជាគ្នា ។

ជាមួយគ្នាក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង២ ក៏បានឯកភាពបើកទូត នៅតាមប្រទេសទាំង២រៀងៗខ្លួន ក្នុងទំនាក់ទំនងការទូត៦៥ឆ្នាំ។

សហភាពអឺរ៉ុប បានចាប់ផ្តើមនីតិវិធីជាផ្លូវការ លើការផ្អាកជាបណ្តោះអាសន្ន ការអនុគ្រោះពន្ធលើទំនិញ គ្រប់ប្រភេទលើកលែងតែអាវុធ កាលពីថ្ងៃទី១៣ កុម្ភៈ មុននឹងអាចឈាន ទៅរកការព្យូរនៅខែកុម្ភៈ ឆ្នាំ២០២០ ប្រសិនបើរកឃើញថា កម្ពុជាអនុវត្តមិនត្រឹមត្រូវទៅរក ភាពល្អប្រសើរគ្រប់គ្រាន់ ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីល្ងាចថ្ងៃទី១៣ ខែមិងុនា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីហុងគ្រី មានប្រសាសន៍ថា “បញ្ហាEBA វាគឺជារឿងខ្វែងគំនិតគ្នា រវាងសហភាពអឺរ៉ុប និងកម្ពុជា ផ្ទុយទៅវិញ ហុងគ្រីតែងតែឈរ និងគាំទ្រកម្ពុជាជានិច្ច ពិសេសទៅទៀតនោះ ហុងគ្រីមិនគាំទ្របញ្ហានយោបាយ និងបញ្ហាពាណិជ្ជកម្ម សេដ្ឋកិច្ច មានភាពច្របូកច្របល់គ្នានោះទេ។ តាមរយៈនេះ សូមសម្តេចទុកចិត្តចំពោះហុងគ្រី ក្នុងការតស៊ូមតិ ជាមួយនឹងសហភាពអឺរ៉ុប ទាក់ទិនទៅនឹងបញ្ហាEBA នេះ” ។

ជាងនេះទៅទៀត នាយករដ្ឋមន្រ្តីហុងគ្រីបន្ដថា មានក្រុមហ៊ុនហុងគ្រី កំពុងមានចំណាប់អារម្មណ៍ វិនិយោគនៅកម្ពុជា ដែលក្នុងនោះដូចជា ធនាគារអាហរ័ណ នីហរ័ណហុងគ្រី និងផ្តល់ប្រាក់កម្ចី ដល់បណ្តាក្រុមហ៊ុនទាំងនោះ ធ្វើការវិនិយោគនៅកម្ពុជា។

ចំណែកសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ទាក់ទិនទៅនឹងសភាពការណ៍ នៅសហភាពអឺរ៉ុប ពិសេសក្រោយពីការបោះឆ្នោតសភា កាលពីពេលថ្មីៗនេះ ។ ពិសេសទៅទៀតសម្តេច ក៏បានលើកគោលជំហរ និងទស្សនរបស់ហុងគ្រី ទៅនិងគោលនយោបាយ របស់សហភាពអឺរ៉ុប ពាក់ព័ន្ធបញ្ហាEBA។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរ បានឯកភាពគ្នា នៅក្នុងខួប៦៥ឆ្នាំ នៃទំនាក់ទំនង ការទូតប្រទេសទាំងពីរនៅឆ្នាំ២០២១ ដោយកម្ពុជា នឹងបើកស្ថានទូតខ្លួន នៅទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី ។ ចំណែកហុងគ្រី ក៏នឹងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញផងដែរ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា ក៏ស្នើឲ្យហុងគ្រី ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត។ នាយករដ្ឋមន្ដ្រីកម្ពុជា ស្នើសុំឲ្យហុងគ្រី ជួយជួសជុលប្រាសាទកោះកេរិ៍ត ជាមួយនឹងបទពិសោធន៍ ដែលហុងគ្រី ធ្លាប់អភិរក្ស តំបន់ប្រវត្តិសាស្រ្តបុរាណរបស់ខ្លួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor