header ads

Sponsor

ភ្នំពេញៈ សវនាការសំណុំរឿងលោក ផែង វណ្ណៈ អ្នកលេងវេសហ្វេសប៊ុកល្បីគួរសមម្នាក់ បានដំណើរការដោយរលូនកាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៩នេះ បើទោះបីមេធាវីការពារផ្លូវច្បាប់ឲ្យជនត្រូវចោទគ្មានវត្តមានក៏ដោយ។ លោក ផែង វណ្ណៈ បានបញ្ជាក់ជូនតុលាការថា លោកអាចឆ្លើយបានដោយមិនចាំបាច់មានមេធាវី។

យ៉ាងហោចណាស់មានសំណុំរឿងព្រហ្មទណ្ឌ២ ត្រូវបានតុលាការលើកយកមកកាត់ទោសលោក ផែង វណ្ណៈ សំណុំរឿងទី១ គឺរឿងក្ដីព្រហ្មទណ្ឌបទ "ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍" និងបទ "បរិហាកេរ្តិ៍ជាសាធារណៈ" ដែលប្ដឹងដោយលោកមេធាវី គី តិច ជាមេធាវីតំណាងដោយអណត្តរបស់សម្ដេចតេជោ ហ៊ុន សែន និងសំណុំរឿបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្ដឹងដោយលោក លឹម ឈីវុត្ថា នាយកអង្គភាពហ្វ្រេសញូ។

ប្រឈមមុខការចោទប្រកាន់របស់តុលាការពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ ដែលផ្ដើមចេញពីការសរសេរបង្ហោះលើផេក "ផែង វណ្ណៈ ញូ" កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ដែលមានខ្លឹមសារថា គំនិតគួរពិចារណា៖ ទី១- ផែង វណ្ណៈ តំណាងឲ្យក្រុមគ្រួសារអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យនិស្សិតស្រីស្លាប់ យកថវិកា ចំនួន៥០០០ដុល្លារ ចូលបុណ្យសព ត្រូវលោក ពេជ្រ ស្រស់ ប្ដឹង។ ទី២- លោក លឹម ឈីវុត្ថា តំណាងឲ្យថ្នាក់ដឹកនាំយកថវិកាចំនួន៥ម៉ឺនដុល្លារ ចូលបុណ្យសពលោកបណ្ឌិត កែម ឡី ហេតុអ្វីលោក ពេជ្រ ស្រស់មិនប្ដឹង?

ខ្លឹមសារខាងលើនេះ របស់លោក ផែង វណ្ណៈ ដែលមានហ្វ្រែនចំនូន២៩ម៉ឺននាក់ បានខមមិននូវខ្លឹមសារក្នុងស្ថានភាពភ័ន្តច្រលំថា ថ្នាក់ដឹកនាំដែលលោក ផែង វណ្ណៈ សរសេរគឺសម្ដៅសម្ដេចតេជោ ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី។

ខ្លឹមសារខាងលើនេះ ជនជាប់ចោទ ផែង វណ្ណៈ បានសារភាពថា ពិតជាស្នាដៃរបស់លោកដែលបានសរសេរហើយបង្ហោះ កាលពីថ្ងៃទី ២៩ ខែមីនា នៅក្នុងហាងកាហ្វេមួយនាសង្កាត់បឹងកេងកង ខណ្ឌចម្ការមន ដោយសារលោកខឹងច្រលោតនិងបណ្ដឹងរបស់លោក ពេជ្យ ស្រស់ ក្នុងនាមលោកជាតំណាងដូចគ្នា យកលុយចូលបុណ្យដូចគ្នា ហេតុអ្វីមកប្ដឹងរូបលោក។

កំហុសឆ្គងនេះ លោក ផែង វណ្ណៈ បានសារភាពកំហុស ហើយសូមអភ័យទោសសម្ដេចតេជោ ហ៊ុន សែន ព្រោះលោកមិននឹកស្មានថាការបង្ហោះខ្លឹមសារនោះ មានអ្នកខមមិនបញ្ចេញមតិដោយភ័ន្យច្រលំធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរនៃថ្នាក់ដឹកនាំ។ ដោយការដឹងនូវកំហុសឆ្គងទាំងអស់នេះហើយ ទើបកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ជនជាប់ចោទ ផែង វណ្ណៈ បានសរសេរលិខិតសារភាព និងសូមអភ័យទោសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន។

លោកមេធាវី គី តិច មេធាវីតំណាងដោយដំណាងរបស់សម្ដេចតេជោ ហ៊ុន  សែន បានលើកឡើងថា ទោះបីជនជាប់ជាប់បានប្រព្រឹត្តបទល្មើស និងមានភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែ ជនត្រូវចោទបានសារភាពកំហុស និងសុំទោសរួចហើយ ដូច្នេះ ក្នុងនាមតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណី មិនប្ដឹងទាមទារសំណងទេ ទុកឲ្យតុលាការសម្រេចតាមច្បាប់ចុះ។

ចំណែកបណ្ដឹងរបស់លោក លឹម ឈីវុត្ថា នាយកអង្គភាពហ្វ្រេសញូ ដែលប្ដឹងលោក ផែង វណ្ណៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនោះ ដំបូងឡើយមេធាវីតំណាងបាមទាមទារជំងឺចិត្តរហូតដល់២០០០០០០០០០លានរៀល (ពីរពាន់លានរៀល) ពីជនជាប់ចោទ ប៉ុន្តែក្រោយពីពិភាក្សាជាមួយកូនក្ដីរួចមក មេធាវីតំណាងលោក លឹម ឈីវុត្ថា មិនទាមទារសំណងទេ ទុកឲ្យតុលាការសម្រេចតែលើទណ្ឌកម្មទោសចុះ។

ក្រោយពីបញ្ចប់សវនាការលើសំណុំរឿងទាំងពីករណីនេះ លោក លី សុខលេង ចៅក្រមជំនុំជម្រុះ បានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃចន្ទទី១៧ មិថុនាខាងមុខនេះ។

គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

កាលពីល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ផែង វណ្ណៈ ត្រូវបានតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភក្តិ បានចេញដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធ នឹងករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ តាមរយៈទំព័រ page facebook ដែលមានឈ្មោះ Pheng Vannak News កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ហើយការចេញដីកាបញ្ជាឲ្យចូលខ្លួនបំភ្លឺរបស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញនេះ បានធ្វើឡើងបន្ទាប់ពីមេធាវី របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺលោក គី តិច បានដាក់ពាក្យប្ដឹងចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ដើម្បីប្ដឹងឈ្មោះ ផែង វណ្ណៈ ដោយអះអាងថា ឈ្មោះ ផែង វណ្ណៈ ពិតមានចេតនាទុច្ចរិត ប្រើប្រាស់មធ្យោបាយ ទូរគមនាគមន៍ សោតទស្សន៍របស់ខ្លួន ក្នុងគោលបំណងបរិហារកេរ្តិ៍ជាសាធារណៈ លើសម្ដេចតេជោ ហ៊ុន សែន និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដែលអំពើនេះផ្ទុយនឹងបញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post