header ads

Sponsor

កំពង់ឆ្នាំងៈ លោកយាយម្នាក់ បានធ្លាក់ពីលើរ៉ឺម៉កម៉ូតូកង់បីស្លាប់ភ្លាមៗ ដោយសារតែរ៉ឺម៉កម៉ូតូ បានបើកធ្លាក់ពីលើផ្លូវចូលស្នាមភ្លោះ ក្នុងពេលគេចពីរថយន្តវ៉ាជែងគ្នា។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៧៖១៥នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅចន្លោះគីឡូម៉ែត្រលេខ៩៦៖៩៧ ស្ថិតនៅក្នុងភូមិសាលាផ្លូវវាយ ឃុំស្វាយ ជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អធិការរងនគរបាលស្រុករលាប្អៀរ ទទួលផ្នែកចរាចរណ៍ លោក សំ សុខា បាននិយាយឲ្យដឹងថា បើតាមការពិនិត្យស្លាកស្នាម នៅកន្លែងកើតហេតុ និងការបញ្ជាក់ពី​ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នេះថា ក្នុងពេលកើតហេតុរ៉ឺ​ម៉កម៉ូតូកង់បីខាងលើ គ្មានស្លា​កលេខ បានបើកបរដឹកស្ត្រីជាអ្នកជំងឺ​ម្នាក់ ធ្វើដំណើរពីទិសខាងកើតទៅខាងលិច លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែបានគេចពីរថយន្ត២គ្រឿង ដែលបើកវ៉ាជែងគ្នាចូលចំណែកផ្លូវរបស់គាត់ បណ្ដាលឲ្យរ៉ឺ​ម៉កម៉ូតូកង់បីគេចពីគ្រោះថ្នាក់ធ្លាក់ពីលើផ្លូវជាតិ ជ្រុលចង្កូតចូលទៅក្នុងស្នាមភ្លោះអែបផ្លូវបណ្តាលឲ្យលោកយាយរងគ្រោះជិះនៅលើរ៉ឺម៉កម៉ូតូកង់បីផ្ងាកក្រោយ ធ្លាក់មកដីរបួសធ្ងន់ និងបានស្លាប់នៅពេលដឹកតាមផ្លូវមកកាន់មន្ទីរពេទ្យ។

ក្រោយកើតហេតុអ្នកបើកបររ៉ឺម៉កម៉ូតូ មិនស្គាល់អត្តសញ្ញាណខាងលើនេះ បានរត់គេចខ្លួនបាត់ ។ ចំណែកលោកយាយ​រងគ្រោះ ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តពេទ្យ ដឹកទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីជួយសង្គ្រោះតែជាអកុសលគាត់បានស្លាប់ពេលកំពុងដឹកទៅកាន់មន្ទីរពេទ្យខេត្ត។

សពលោកយាយរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ សព​កំពុងតម្កល់​ទុកក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករ៉ឺ​ម៉កម៉ូតូខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលារប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post