header ads

Sponsor

កំពង់ឆ្នាំងៈ បទល្មើសនេសាទ បានកើតឡើងយ៉ាងអនា​ធិបតេយ្យ ក្នុងរដូវរបិទនេសាទ ក្នុងភូមិសាស្ត្រ ឃុំប្រឡាយមាស ស្រុកកំពង់លែង និងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដែលមិនទាន់ឃើញសមត្ថកិច្ចជំនាញ ចុះបង្ក្រាបនៅឡើយ ដែលធ្វើអោយធនធានមច្ឆាជាតិ នឹងបាត់បង់។

ជាក់ស្តែងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្រុមអ្នកសារព័ត៌មានមួយក្រុម បានចុះទៅដល់ចំណុចជិតកោះក្រញ៉ានវាលភក់ បានឃើញរបាំងសាច់អួនវែងៗរាប់រយម៉ែត្រ មានរាប់សិបកន្លែង ដែលជនល្មើសបានរាយដាក់ដាក់លបលូ បង្កប់នៅក្នុងទឹកទន្លេ ហើយរបាំងសាច់អួនទាំងនោះមួយចំនួនធំ មានក្រឡាតែមួយហ៊ុនខុសច្បាប់ ស្តីពីជលផល គឺសូម្បីតែយកចុងប៊ិចស៊កចូលក្នុងក្រឡាសាច់អួនក៏មិនចូលផង ដូចមានរូបភាពជាភ័ស្តុតាងស្រាប់។

ដោយឡែកនៅចំណុចព្រែកអ្នកតាស្នែងវិញ ក្នុងឃុំឆ្នុកទ្រូ ក៏គេសង្កេតឃើញមានបទល្មើសនេសាទរាយរបាំងបិទផ្ជិតព្រែកផងដែរ ដែលច្បាប់ហាមឃាត់ជាដាច់ខាត។ ចំណែកនៅចំណុចភូមិសេះស្លាប់ភូមិកំពុងអួរ ក៏មានបទល្មើសដាក់របាំងស្បៃមុង បទល្មើសដាក់លបប្រើស ១០០ កើតមានផងដែរ។ ដោយឡែកប្រជានេសាទ នៅក្នុងភូមិ ក៏បានបញ្ជាក់អោយដឹងថា នៅក្នុងភូមិសេះស្លាប់មានជនល្មើស២នាក់បងប្អូន សព្វថ្ងៃកំពុងប្រើកាណូតធុនលឿនៗ បើកឆក់ត្រីជារៀងរាល់ថ្ងៃ។ ប្រជានេសាទសុំសំណូមពរសមត្ថកិច្ចជួយចាត់វិធានការ បង្ក្រាបជនល្មើសខាងលើនេះ ដោយប្រសិទ្ធភាពផង។

គួរកត់សម្គាល់ថា ល្មើសនេសាទ ដាក់របាំងសាច់អួន របាំស្បៃមុង គឺតែកើតមានរាងរាល់ឆ្នាំ នៅពេលរដូវទឹកឡើង ហើយបទល្មើសទាំងនោះ មានអ្នករត់ការបង់លុយគ្រប់ជំនាញ ស្ថាប័ន្ន ប៉ុន្តែយូរៗម្តង ទើបឃើញមានការបង្ក្រាបពីក្រុមមន្ត្រីជំនាញ ដែលតាមអ្នកជិតស្និត និងរឿងនេះថា បង្ក្រាបតែអ្នកដែលមិនបង់លុយតែប៉ុណ្ណោះ ។

ទាក់ទងនឹងបទល្មើសខាងលើនេះ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដឹងថា ខែនេះមិនទាន់មានបទល្មើសធំដុំទេ អាចមានត្រឹមជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ តែបើចាប់ពី​ខែក្រោយពេលទឹកឡើងខ្លាំងជាងនេះ នឹងមានច្រើន។

យ៉ាងនេះក្តី លោកបញ្ជាក់ថា បើដូចសេចក្តីរាយការណ៍មែន លោកនឹងដឹកនាំសមត្ថកិច្ចជលផល ក្នុងសង្កាត់នេសាទដែលពាក់ព័ន្ធដោយផ្ទាល់ សហការជាមួយកម្លាំងចម្រុះ ចុះបង្ក្រាបនៅចំណុចដែលបានលើកឡើងខាងលើនេះឱ្យបានទាន់ពេលវេលា ដើម្បីរក្សាពូជពង្សមច្ឆាជាតិនៅក្នុងរដូវបិទនេសាទនេះឲ្យបានគង់វង្ស និងមិនអនុញ្ញាតអោយមានបទល្មើសបែបនេះទៀតឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post