header ads

Sponsor

បន្ទាយមានជ័យៈ ទីតាំងល្បែងដុះស្លែមួយកន្លែង បានបើកលេង ហើយឈរជើងបានយ៉ាង​យូរ ដោយគ្មានការបង្ក្រាបពីសំណាក់សមត្ថកិច្ចសោះឡើយ​ គេសង្ស័យថា មានអ្នកមានឥទ្ធិពលម្នាក់ នៅពីក្រោយខ្នង។

ទីតាំងល្បែងដុះស្លែខាងលើនេះ​ ស្ថិតនៅតាមបណ្តោយផ្លូវទី៤ ភូមិព្រហូតសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជ្រកក្រោមស្លាកតារាងបាល់ទះ និងបាល់ដក់ ដែលមានម្ចាស់ឈ្មោះ ប៉ែន ស៊ីហា ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ ។ ម្ចាស់ទីតាំងឈ្មោះ ប៉ែន ស៊ីហា នេះដែរ គឺត្រូវគេរាយការណ៍បញ្ជាក់ថា គឺជាជនជាប់សង្ស័យក្នុងអំពើលួច ដែលរស់នៅក្រៅឃុំ ក្រោមការត្រួតពិនិត្យតាមអំណាចតុលាការ។

យោងតាមសម្តីរបស់បងប្អូន ដែលរស់នៅជិតទីតាំងខាងលើ បានអោយអ្នកយកព័ត៌មាន CAM POST ដឹងថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅស្ថាប័នសមត្ថកិច្ចជាច្រើនដងមកហើយ តែមិនមានសមត្ថកិច្ចណាចេញមុខដោះស្រាយ ឬបង្ក្រាបនោះឡើយ។ ពួកគាត់ចេញមុខប្តឹងពីទីតាំងនេះ ក៏ព្រោះតែព្រួយបារម្ភពីសន្តិសុខ សុវត្ថិភាពក្នុងភូមិរបស់ពួកគាត់។ ការព្រួយបារម្ភនេះដែរ គឺផ្តើមចេញពីមានវង់ល្បែងស៊ីសងដ៏ធំនៅក្នុងមូលដ្ឋាន ដែលជ្រកក្រោមស្លាកតារាងបាល់ទះ និងបាល់ដក់។

បងប្អូនប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងនោះ បានបញ្ជាក់ផងដែរថា ល្បែងដែលគេកំពុងតែលេងយ៉ាងសុខសាន្តក្នុងតារាងបាល់នេះ មានខ្លាឃ្លោក បៀ និងភ្នាល់ប្រដាល់។ ល្បែងទាំងនេះ គឺគេចាប់ផ្តើមលេងពីម៉ោង១រសៀលរហូតដល់ពាក់កណ្តាលអធ្រាត្រ។ ម៉ោង១រសៀល ពេលជួបជុំ គឺចាប់ផ្តើមលេងខ្លាឃ្លោក​ និងបៀ ដោយចាក់ចាញ់ឈ្នះរាប់សែនរៀល និងលានរៀល។ អ្នកលេងភាគច្រើនជាអ្នករកស៊ីធំដុំ រាជការ មេព្រៃ និងសមត្ថកិច្ច ។ លុះដល់ព្រលប់បន្តិច គឺពួកគេចាប់ផ្តើមភ្នាល់ប្រដាល់ ដោយស្រែកហូរកញ្ជៀវមិនអោយអ្នកក្បែរខាង ដែលមកពីប្រកបរបរ និងមក​ធ្វើការហត់នឿយដេកនោះឡើយ។

ជុំវិញករណីនេះ លោក ខែម សុភ័ណ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងតាមទូរស័ព្ទប្រាប់ភ្នាក់ងារអង្គភាពសារព័ត៌មាន​ CAM POST នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា លោកអត់បានដឹងសោះពីការបើកលេងល្បែងជ្រកក្រោមស្លាកតារាងបាល់នេះ។ តែលោកនឹងចាត់វិធានការភ្លាមៗបើសិនជាមានលេងដូច្នេះមែន ទោះជាមានអ្នកនៅពីក្រោយខ្នងក៏ដោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post