header ads

Sponsor

ភ្នំពេញៈ រថយន្តឡង់គ្រីស័រមួយគ្រឿង បើកលឿនដូចហោះ រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ លាន់ដូចរន្ទះ បណ្ដាលឲ្យបាក់អស់ចំនួន២កង់ ចំណែករថយន្តដាច់កង់មុខខាងឆ្វេង បើកទៅមុខលែងរួច ភ្លាមនោះអ្នកបើករថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២:៣០នាទីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម  ត្រង់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ (មុខអគ្គស្នងការនគរបាលជាតិ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ 2D-5237 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ស្រាប់តែបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវលាន់ថូចរន្ទះ បណ្ដាលឱ្យបាក់ និងវៀចអស់ចំនួនពីរផ្ទាំង ចំណែកឯរថយន្តមិនទាន់អស់ល្បឿន បានដាច់កង់មុខខាងឆ្វេងអូសទៅមុខប្រហែលជា៣០ម៉ែត្រទៀត ទើបឈប់​។ ភ្លាមៗនោះគេបានឃើញឲ្យម្ចាស់រថយន្តបានចុះពីលើរថយន្តឲ្យគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ទុកឲ្យសមត្ថកិច្ចចុះមកវាស់វែងតែប៉ុណ្ណោះ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយសមត្ថកិច្ចផ្នែកវាស់វែងអធិការដ្ឋានគរបាលខណ្ឌចំការមន ចុះមកពិនិត្យនិងធ្វើកំណត់ហេតុប្រគល់ឱ្យខាងចរាចរក្រុងជាអ្នកចុះមកវាស់វែង និងស្ទូចយករថយន្តបង្កយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ សំណងលើការខូចខាតទ្រព្យសម្បត្តិរដ្ឋទៅតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post