Sponsor

តាកែវៈ ក្រោយលោក​រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតជម្រាបជូនចូលមកអាជ្ញាធរខេត្តតាកែវ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ ដោយស្នើសុំអោយមានវិធានការទប់ស្កាត់ការចរាចរសត្វជ្រូកនៅក្នុងមូលដ្ឋានឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកេវ ដោយយោងតាមការពិនិត្យលើឈាមសត្វជ្រូក ដែលឈឺងាប់កាលពីថ្ងៃទី៥ ខែកក្កដា បានរកឃើញថា មេរោគប៉េស្តជ្រូកអាហ្រ្វិច មានវត្តមាននៅក្នុងមូលដ្ឋានក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរីហើយ សូមអោយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ចុះអន្តរាគមន៍ទប់ស្កាត់ជាបន្ទាន់។

តែរហូតមកដល់ព្រឹកថ្ងៃទី៩ ខែកក្កដា ២០១៩នេះ ជ្រូកនៅតែមានចលនា ដោយសារតែក្រុមឈ្មួញនៅតែបន្តដឹកឡើង បើទោះបីជាតំបន់នោះ កំពុងផ្ទុះជំងឺយ៉ាងប៉េស្តជ្រូកអាហ្វ្រិកដដែលជាជំងឺ​ឆ្លងពីសត្វទៅសត្វយ៉ាងកាចសាហាវយ៉ាងណាក៏ដោយ ក៏លោកឈ្មួញដែលជាអ្នកលួចនាំជ្រូកចូលតាមច្រករបៀង ក្នុងស្រុកអង្គរបូរី នៅតែដឹកដោយមិនខ្វល់ឡើយ ចំណែកឯអាជ្ញាធរស្រុកអង្គរបូរី ដែលបានតែចោទប្រកាន់អ្នកសារព័ត៌មានថា បានផ្សាយបំភ្លៃការពិត និងជាព័ត៌មានក្លែងក្លាយនោះ ប្រហែលជាដេកលក់អស់ហើយមើលទៅ បានជាជ្រូកនៅតែមានការដឹកឆ្លងកាត់តំបន់ផ្ទុះជំងឺ​បែបនេះទៀត។

ប្រជាពលរដ្ឋឈ្មោះ ឌូ អាត ដែលជាកសិករធ្លាប់ចិញ្ចឹមជ្រូក បានិយាយថា ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ នៅពេលដែលបានដឹងថា វត្តមានមេរោគប៉េស្តជ្រូកអាហ្រ្វិច មាននៅក្នុងភូមិឃុំរបស់ខ្លួន ដែលជាហេតុធ្វើអោយសត្វចិញ្ចឹមរបស់គាត់ បានងាប់ជាបន្តបន្ទាប់ ដែលធ្វើអោយប៉ះពាល់ និងខាតបង់លើសេដ្ឋកិច្ចក្នុងគ្រួសារជាគំហុក ហើយពួកគាត់បានសួរខ្លួនឯងថា ករណីផ្ទុះជំងឺឆ្លងដ៏កាចសហាវនេះជាកំហុសអ្នកណា ទើបធ្វើអោយពួកគាត់រងទទួលនៅការខាតបង់បែបនេះ។ ដូច្នេះពួកគាត់ដែលជាអ្នកតំណាងអោយបងប្អូនប្រជាពលរដ្ឋក្នុងឃុំពន្លៃទាំងអស់ សូមអោយសមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ជួយដល់ពួកគាត់ផង។

លោកបានបន្តថា មកដល់ថ្ងៃទី៩ កក្កដា នេះ ជ្រូកប្រជាពលរដ្ឋក្នុងភូមិអំពិល គឺងាប់អស់សឹងតែគ្មានសល់មួយក្បាលឡើយ ហើយខ្លះនៅរស់ តែនៅសល់តែដង្ហើមចង្រឹតទេ។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះការចិញ្ចឹមសត្វជ្រូកតាមរយៈក្រុមហ៊ុនផ្គត់ផ្គង់បានត្រឹមតែ៨០-៨១ភាគរយប៉ុណ្ណោះ ដែលតម្រូវឲ្យកម្ពុជាត្រូវការនាំចូលជ្រូកប្រមាណជាង១០% ដើម្បីបំពេញបន្ថែមទៅលើការផ្គត់ផ្គង់លើទីផ្សារកម្ពុជា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor