ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្រេចបញ្ចេញថវិកាជាតិ ប្រមាណជាជិត ៤០ល្លានដុល្លារបន្ថែមទៀត លើប្រាក់ទិញអាវុធពីមុនចំនួន២៩០លានដុល្លារ ពីប្រទេសចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ព ក្នុងជាគ្រឹះដ៏រឹងមាំ សម្រាប់ការពារប្រទេសជាតិ។
ក្នុងឱកាសអញ្ជើញពិនិត្យ ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងសង្កាត់ព្រែកតាសេក នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងថា “ខ្ញុំកំពុងតែដឹកអាវុធតាមនាវាមកហើយ ! ឆ្នាំនេះ ខ្ញុំឲ្យដកលុយជិត៤០លានដុល្លារ ដើម្បីទិញអាវុធមួយចំនួនពីចិន បន្ថែមទៅលើ២០០លានដុល្លារ ដែលឲ្យពីមុនសម្រាប់ការទិញ ហើយនិង ៩០លានដុល្លារ ដែលឲ្យលើកក្រោយ ក្នុងពេលដែលខ្ញុំទៅនេះ។ ខ្ញុំចង់ពង្រឹងសមត្ថភាពកងទ័ព ខ្ញុំគ្មានខ្លាចអី! មកដល់កំពង់សោម អ្នកឯងមើលក៏មើលទៅ! ឃើញក៏ឃើញទៅ វាមានស្អី!” ។
សម្ដេចតេជោសង្កត់ធ្ងន់ថា នៅលើពិភពលោកនេះ មានប្រទេសណា ដែលអត់មានអាវុធប្រើនោះ។ ដោយសារតែកម្ពុជា មានអាវុធចាស់ៗច្រើន ទើបសម្ដេចសម្រេចបញ្ជាទិញពីចិន បន្ថែមរាប់ម៉ឺនដើមទៀត យកមកស្តុកទុកក្នុងឃ្លាំង សម្រាប់ផ្លាស់ប្ដូរជាមួយអាវុធចាស់ៗ។
សម្ដេចបន្តថា ប្រទេសមួយ គឺមិនអាចអត់មានអាវុធ ប្រើប្រាស់បានឡើយ។
នាយករដ្ឋមន្រ្តីបញ្ជាក់ថា កាលពីឆ្នាំមុន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានស្នើសុំអាវុធពីសម្ដេចប្រមាណជា ២៥លានគ្រឿង ប៉ុន្តែឆ្នាំនេះ សម្ដេចជាអ្នកម្ចាស់ការឲ្យរៀបចំ គម្រោងដើម្បីស្នើថវិកាយកទៅទិញអាវុធពីចិន។
សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាថា កងទ័ពម្នាក់ ត្រូវបាញ់គ្រាប់ពិតឲ្យបានច្រើនដោយ មិនមានការបាញ់គ្រាប់ចោល ដោយឥតប្រយោជន៍ឡើយ។ សម្ដេចថា គ្មានផែនការប្ដូរប្រព័ន្ធអាវុធឡើយ ព្រោះការប្ដូរនូវប្រព័ន្ធអាវុធ គឺចំណាយថវិកាច្រើន។ ចំពោះប្រព័ន្ធអាវុធកម្ពុជាប្រើសព្វថ្ងៃនេះ ចង់ទិញពីប្រទេសណា ក៏បានដែរ ដោយរាប់ទាំងបណ្ដាប្រទេសនៅអឺរ៉ុបផងដែរ ។
ក្នុងឱកាសនោះដែរ សម្ដេចបញ្ជាក់ថា ចំពោះវត្តមានកម្មករជនជាតិចិន ជាច្រើននៅលើទឹកដីកម្ពុជា ដោយសារកម្ពុជាខ្វះអ្នកជំនាញ ទើបយកកម្មករជនជាតិ ដែលចិនទាំងនោះសុទ្ធតែ មានប័ណ្ណការងារត្រឹមត្រូវ។
សម្ដេចសង្កត់ធ្ងន់ថា ការដឹកនាំនយោបាយ នៅក្នុងប្រទេស និងក្រៅប្រទេស គឺជាកិច្ចការប្រតិបត្តិរបស់នាយករដ្ឋមន្រ្តី៕