
ថៃៈ ពលករខ្មែរម្នាក់ ដែលបម្រើការងារនៅក្នុងប្រទេសថៃ ជាកម្មករក្នុងស្ថានីយហ្គាសមួយកន្លែង ត្រូវបានឃាតកបាញ់ប្រហារទាំងកណ្តាលអធ្រាត្រ ខណៈកំពុងដេកលក់មួយភាំងនៅនឹងតុក្នុងស្ថានីយនោះ។
ហេតុការណ៍បាញ់ប្លន់សម្លាប់នេះ បានកើតឡើងកាលពីពេលទៀបភ្លឺថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចស្ថានីយហ្គាស LPG មួយកន្លែង កំណាត់ផ្លូវលេខ ៣០៤ ( រាជសីមា-កាប៊ីនបុរី ) ក្នុងភូមិ៨ ឃុំណុកអក ស្រុកប៉ាក់ថុងឆៃ ខេត្ត នគររាជសីមា ប្រទេសថៃលើ។
នៅកន្លែងកើតហេតុគេង្គេតឃើញថា កម្មករក្នុងស្ថានីយម្នាក់ឈ្មោះ ម៉ូរ៉ូត ភេទប្រុស អាយុ៣០ ឆ្នាំ ជាពលករខ្មែរ ត្រូវបានឃាតកបាញ់ចំក្បាល១ គ្រាប់ ដែលអាវុធនេះគេនៅមិនទាន់ដឹងថាជាអាវុធប្រភេទអ្វីនោះទេ ដែលធ្វើអោយជនរងគ្រោះដេកដួលស្លាប់នៅក្នុងថ្លុកឈាម។
ក្រោយពីសមត្ថកិច្ចថៃចុះត្រួតពិនិត្យទៅលើកាមេរ៉ាសុវត្ថិភាពរួចមក ទើបដឹងថា ខណៈដែលជនរងគ្រោះកំពុងអង្គុយដេកក្រាបនៅលើតុក្នុងស្ថានីយនោះ ខ្មាន់កាំភ្លើងបានជិះម៉ូតូមកចតពីក្រោយប្រមាណ ២ ម៉ែត្រពីជនរងគ្រោះ រួចបានដកកាំភ្លើងបាញ់ក្បាលពីក្រោយតែម្តង ព្រមទាំងបានឆក់យកកាបូបលុយឡើងម៉ូតូជិះចេញទៅបាត់។
យោងតាមរូបភាព នៃសកម្មភាពខាងលើ នៅរសៀលថ្ងៃដដែល សមត្ថកិច្ចថៃបានចាប់ខ្លួនមុខសញ្ញាយកមកសាកសួរ ដែលជនសង្ស័យរូបនេះ គឺជាកូនប្រុសរបស់តម្រួតថៃថែមទៀតផង ដោយជនរូបនេះ ឈ្មោះ សារ៉ូត វីផាត់សារី ហៅ បយ ភេទប្រុស អាយុ២៣ឆ្នាំ ព្រមទាំងបានដកហូត កូនកាំបិតដងឈើ ១លុយចំនួន៣១៨១បាតនិងម៉ូតូធ្វើសកម្មភាព១គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចថៃ ជនសង្ស័យដែលជាខ្មាន់កាំភ្លើង បានសារភាពថា កន្លងមក ខ្លួនគឺជាអ្នកញៀននឹងល្បែងភ្នាល់បាល់ ដោយពេលខ្លះខ្លួនក៏បានទៅសុំលុយប្រពន្ធ តែត្រូវប្រពន្ធស្តីអោយ ព្រមទាំងបានពោលពាក្យថា « បើចង់បានលុយទៅប្លន់គេទៅ » ។
ជនសង្ស័យរូបនេះ បានបន្តថា នៅល្ងាចមុនពេលកើតហេតុខ្លួនក៏បានទៅលេងល្បែងភ្នាល់បាល់ជាធម្មតា ហើយក៏បានចាញ់អស់និងជំពាក់គេចំនួន៤០០០ បាតថែមទៀត ។ បន្ទាប់មកម្ចាស់លុយ ក៏បានទូរស័ព្ទមកទារលុយញឹកពេក ដែលជាការរំខានបំផុត ទើបខ្លួនក៏បានចូលទៅក្នុងបន្ទប់របស់លោកប៉ា ដែលគាត់មានតួនាទីជាតម្រួត ព្រមទាំងបានលួចយកកាំភ្លើងខ្លីដែលគាត់ទុកចោលនៅលើក្បាលគ្រែ រួចក៏ជិះម៉ូតូចេញទៅក្រៅទាំងរំលងអធ្រាត្រ ដើម្បីរកធ្វើសកម្មភាព ។ នៅពេលជិះទៅដល់ស្ថានីយហ្គាសខាងលើ ក៏បានឃើញកម្មករស្ថានីយនៅម្នាក់ឯង ទើបបានពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ រួចដើរទៅដល់ពីក្រោយខ្នង ខណៈដែលកម្មកររូបនោះ កំពុងដេកលក់ ដោយបានដកកាំភ្លើងបាញ់តម្រង់ក្បាលពីក្រោយ រួចចុះទៅឆក់យកកាបូបលុយជិះគេចចេញទៅទាំងយប់ ដោយក្នុងកាបូបមានលុយចំនួន ៣០០០បាតខ្លួនក៏បានយកទៅសងបំណុលគេទាំងយប់ លុះស្អែកឡើងក៏ត្រូវប៉ូលិសចាប់ខ្លួនតែម្តង។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចថៃ បានអះអាងថា នឹងធ្វើការកោះហៅ ឪពុកមកសាកសួរបន្តទៀត ទោះបីជាឪពុកដែលជាតម្រួតមិនមានការពាក់ព័ន្ធ និងមិនបានដឹងរឿងនេះក៏ដោយ ក៏ប៉ុន្តែកាំភ្លើងខ្លី ដែលជនសង្ស័យយកមកធ្វើសកម្មភាព គឺជាកាំភ្លើងរបស់ឪពុកដោយឡែកឃាតក ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងហើយ ដើម្បីចាត់វិធានការតាមច្បាប់ រីឯសពពលករខ្មែរ ក៏កំពុងស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីបញ្ជូនត្រឡប់មកស្រុកកំណើតវិញ៕


