header ads

Sponsor

ភ្នំពេញៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន បានបញ្ជាក់ថា សំណល់ប្លាស្ទិកទាំង ៨៣ កុងទឺន័រ ដែលជាទំនិញហាមឃាត់ ត្រូវបានសមត្ថកិច្ចបង្ក្រាប បាននៅកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងកាណាដា ដែលមានទម្ងន់ប្រមាណ ១៦០០ តោន។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់៨៣ទូកុងតឺន័រ ដើម្បីពិនិត្យមើលនៅកំពង់ផែខេត្តព្រះសីហនុ ក្រោយពីមានការសង្ស័យ។

លោក នេត្រ ភក្ត្រា បានសរសេរក្នុងគ្រុបតេឡេក្រាមក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ថា តាមទិន្នន័យបឋមដែលទទួលបាន ពីសមត្ថកិច្ចស៊ើបអង្កេត សំណល់ប្លាស្ទិកទាំង៨៣កុងតឺន័រ ដែលជាទំនិញហាមឃាត់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅកំពង់ផែស្វយ័តព្រះសីហនុ មានប្រភពមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា មានទម្ងន់ប្រមាណ១៦០០ តោន

លោកបន្ដថា កម្លាំងសមត្ថកិច្ចជំនាញ បាននឹងកំពុងបន្តការស៊ើបអង្កេតឲ្យ​ស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឲ្យមានការនាំចូលសំណល់ប្លាស្ទិកដែលជាទំនិញត្រូវហាមឃាត់នេះ មកកម្ពុជា។ សមត្ថកិច្ចក៏បាននិងកំពុងស៊ើបអង្កេត ស្វែងរកក្រុមហ៊ុនដែលលួចនាំ ចូលនូវសំណល់ប្លាស្ទិកនេះ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមានផងដែរ។

លោកបន្ថែមថា ការលួចនាំចូលទំនិញហាមឃាត់ សំណល់ប្លាស្ទិកត្រូវបានគេក្លែងឈ្មោះ ទំនិញដោយដាក់ថា “ផលិតផលសម្រាប់កែច្នៃឡើងវិញ” ដោយមិនបានបញ្ជាក់ថា “សំណល់ប្លាស្ទិក” ឡើយ។

លោកថា ការបង្ក្រាបលើការនាំចូល សំណល់ប្លាស្ទិកពីបរទេសមក ចូលប្រទេសកម្ពុជានៅពេលនេះ បានបញ្ជាក់ពីការអនុវត្តច្បាប់ យ៉ាងម៉ឺងម៉ាត់ចំពោះមុខទំនិញដែលហាមឃាត់ និងប្រភេទសំណល់ប្រកបដោយគ្រោះថ្នាក់។ ការបង្ក្រាបបានទាន់ពេលវេលា នូវទំនិញហាមឃាត់សំណល់ប្លាស្ទិកនេះ ក៏បានបង្ហាញពីកិច្ចសហការយ៉ាងស្អិតរមួតរវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា សមត្ថកិច្ចកិច្ច បាននិងកំពុងរៀបចំដំណើរការនីតិវិធីកំណត់ថា ទំនិញហាមឃាត់ទាំងនេះ មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ដោយធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post