header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាសទិសដៅចរាចរណ៍ មកបុកចំពីមុខ ពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឲ្យមាន​ការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២៖១០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្ពានអាកាស ៧មករា  ប្រមាណ៥០០ម៉ែត្រ ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះ ដែលស្លាប់ខាងលើ ឈ្មោះ អាន លីមអេន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាអ្នក បើករថយន្តឲ្យព្រះសង្ឃនៅវត្តនាគវ័ន្ត  មានស្រុកកំណើត នៅភូមិឡឥដ្ឋ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានរៀបប្រាប់អោយដឹងថា មុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះខាងលើ  ជិះ​ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FP-4369 ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត  ឆ្ពោះទៅស្ពានអាកាស ៧មករា ក្នុងល្បឿនយ៉ាងលឿន ស្របពេលនោះ ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9228 បើកបរដោយបុរសពីរនាក់ ក្នុងល្បឿនយ៉ាងលឿន បញ្រ្ចាសទិសដៅចរាចរណ៍ លុះជិះមកដល់ចំណុចកើតហេតុ ដោយ​ស្ថានភាពផ្លូវកោង ម៉ូតូបើកបញ្ច្រាសទិសដៅចរាចរណ៍ ចូលទៅអៀបរបាំងថ្មពុះចែកទ្រូងផ្លូវ រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះខាងលើ ចំពីមុខពេញទំហឹង បណ្តាលឲ្យបុរសជិះម៉ូតូស្របទិសដួលបោកអូសនិងថ្នល់បែកក្បាលស្លាប់ភ្លាមៗ ចំណែកបុរសពីរ នាក់ទៀត ដែលជិះបញ្ច្រាសទិស រងរបួសធ្ងន់ធ្ងរទាំងពីរនាក់ រីឯម៉ូតូរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំទាំងសងខាង។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន សម្ភពរស្មី   មកដឹកយកទៅសង្គ្រោះភា្លមៗ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បាន ចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំធ្វើដោះស្រាយ ។

ដោយឡែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកសាច់ញាតិ រួច​ប្រគល់អោយយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post