header ads

Sponsor

ព្រះសីហនុៈ បុរសម្នាក់ ត្រូវរថយន្តធុនធំមុខពេញទំហឹង ហើយ​កិនពីលើ បណ្ដាលឲ្យសាកសព​ដាច់ជាពីរកំណាត់ គួរឲ្យអាសូរជាពន់ពេក។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៧៖៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវមិត្តភាព ត្រង់ចំណុច ជិតសាលាក្រុងព្រះសីហនុ (កែងផ្លូវសាលាអូរពីរ) ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ត្រី អ៊ុសុខា ស្នងការរងផែនសណ្ដាប់ធ្នាប់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ​រថយន្តធុនធំដឹកទំនិញ១គ្រឿងម៉ាក HYUNDAI ពណ៌លឿង ពាក់ស្លាកលេខកំពត 3A-0906 បើកបរដោយឈ្មោះ ប៉ុក វិន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិកំស្សី ស្រុកអង្គជ័យ ខេត្តកំពត មានទិសដៅពីផ្សារលើ ឆ្ពោះទៅអូរត្រេះ លុះដល់ចំណុចខាងលើ បានបុកម៉ូតូ១គ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លា​កលេខភ្នំពេញ1BI-0078 បើកបរដោយឈ្មោះ វៀង យៀងលៀង ភេទភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីសាលាហ៊ុនសែនមិត្តភាព បត់ស្តាំទៅ អូរត្រេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច​បានចុះមកធ្វើការវាស់វែង រួច​ប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តឥន្ទញាន (ហៅវត្តក្រោម) ចំណែកអ្នកបើកបររថយន្ត បាននាំខ្លួនមកសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ចំណែក​រថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ទាក់ទិនទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋមួយចំនួន បានធ្វើការរិះគន់ទៅលើស្ថាប័នជំនាញ មន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុថា អាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីពាក់ព័ន្ធ ហាក់មានកម្សោយក្នុងការគ្រប់គ្រងច្បាប់ ពាក់ព័ន្ធនឹងរថយន្តធុនធំចូលក្រុងនៅពេលថ្ងៃ កន្លងមក រដ្ឋបាលខេត្ត បានធ្វើលិខិតជូនដំណឹងជាផ្លូវការមួយ ដោយហាមដាច់ខាតមិនឲ្យរថយន្តធុនធំចូលក្រុងនៅពេលថ្ងៃនោះទេ។ ប៉ុន្តែជូនដំណឹងរបស់រដ្ឋបាលខេត្ត ហាក់ពុំមានប្រសិទ្ធភាពឡើយ ព្រោះវាស្ទើរជារៀងរាល់ គេតែងតែបានឃើញរថយន្តធុនធំធ្វើចរាចរ មិន​មានការហាមឃាត់ដដែលជាដដែល ដោយពុំខ្វល់អំពីសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តឡើយ។

ដូចនេះពួកគាត់សង្ឃឹមថា លោក គួច ចំរើន អភិបាលខេត្តថ្មី ដែលគេគ្រប់គ្នាបានស្គាល់ថា ជាអ្នកអនុវត្តច្បាប់ដ៏តឹងរឹងបំផុតនោះ នឹងចេញផ្កាទៅលើរថយន្តធុនធំទាំងនោះ បានជាក់ជាពុំខាន ដោយសង្ឃឹមថា លោក គួច ចំរើន នឹងមិនខ្លាច បក្ខពួក ឬក៏ខ្នងបង្អែករបស់រថយន្តទាំងនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post