
ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង១២:២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសៅរិ៍ ទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ស៊ិន ពៀវ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចែកចាយ គ្រឿងញៀន ស្នាក់នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិក្រែក ឃុំពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទី២ ឈ្មោះ អោប បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិដំណាក់ធំ៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ២នាក់ប្តីប្រពន្ធ ទី១ ឈ្មោះ ជុំ សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរចែកចាយគ្រឿងញៀន ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅជិតផ្សារពោធិ៏ចិនតុង ប្រពន្ធឈ្មោះ សៅរ ស៊ីនួន អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់ឆ្នោត ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ប្រពន្ធមិនពាក់ព័ន្ធ សមត្ថកិច្ចបានដោះលែងឲ្យមានសេរីភាព។
សមត្ថកិច្ច បានបន្តថា មុនពេលកើតហេតុ កម្លាំងបានចេញល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញបុរស២នាក់ (ជនសង្ស័យ) កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកTODAY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1DD-1985 ឌុបគ្នា ធ្វើដំណើរតាមផ្លូវ បេតុងចំណុចឃាត់ខ្លួនខាងលើ ដោយមានការសង្ស័យ កម្លាំងបានហៅមកសួរនាំ និងសុំធ្វើការឆែកឆេរដងខ្លួន ជាក់ស្ដែងរកឃើញ ក្រាមពណ៌សថ្លា ចំនួន៣កញ្ចប់ធំល្មម នៅក្នុងហោប៉ៅខោរបស់ជនសង្ស័យ ដែលជិះពីក្រោយ ទើបកម្លាំងធ្វើការឃាត់ខ្លួន ភ្លាមនោះនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងពីរនាក់ បានឆ្លើយសារភាពថា ទើបចេញពីទិញគ្រឿងញៀន នៅផ្ទះមួយកន្លែង នៅជិតនោះ ទើបកម្លាំងសុំគោលការណ៍ពីថ្នាក់លើ ដើម្បីនាំជនសង្ស័យទៅចង្អុលបង្ហាញផ្ទះ ដែលពួកគេទិញគ្រឿងញៀននោះ លុះពេលទៅដល់សមត្ថកិច្ចបានសុំឆែកឆេរ រកឃើញថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ទើបធ្វើការឃាត់ខ្លួនប្ដីប្រពន្ធ ២នាក់ទៀត បញ្ជូនទៅធ្វើការសាកសួរទាំងអស់គ្នានៅស្នាក់ការប៉ុស្តិ៍តែម្ដង។
វត្ថុតាងដកហូតបានរួមមាន ៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ចំនួន ៣កញ្ចប់ថង់ធំល្មម និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន និងឧបករណ៍ប្រើប្រាស់ និងម៉ូតូមួយគ្រឿង ម៉ាកធូដេ (TODAY) ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1DD-1985 ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីរងចាំប្រគល់ឲ្យផ្នែកជំនាញខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕












