header ads

Sponsor

ភ្នំពេញៈ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិ ដើម្បីទប់ស្កាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងឲ្យដឹងថា ការចេញប្រតិបត្តិការ បង្ក្រាបបទល្មើសព្រៃឈើសារជាថ្មីនេះ ចាប់តាំងពីថ្ងៃទី៩-១៧ កក្កដា ក្រុមការងារមានសមត្ថកិច្ច បានបង្ក្រាបបទល្មើសព្រៃឈើ ជាង១៧០០ម៉ែត្រគូប។

ការបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៃរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៨ កក្កដា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ ។ ក្នុងនោះបុគ្គល ឬក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង ហើយមធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរ មានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង។

ក្រោយចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ក្រាបមិនបានប៉ុន្មានថ្ងៃផង លោកឧកញ៉ា សឹង សំអុល និងបក្ខពួកមួយចំនួន ក៏ត្រូវបានឃាត់ខ្លួន សួរនាំឲ្យបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបង្ក្រាបបទល្មើសព្រៃឈើ រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៨ កក្កដានេះ លោក អេង ហ៊ី បានឲ្យដឹងថា ពីថ្ងៃទី៩-១៧កក្កដា សមត្ថកចិ្ចបានឃាត់ រថយន្តជាង៤០គ្រឿង និងមនុស្ស៤នាក់ ហើយបានបញ្ជូនទៅតុលាការ និងមនុស្ស៩នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធនោះបានរត់គេចខ្លួន។

លោកថា ក្នុងប្រតិបត្តិការបង្ក្រាបសារជាថ្មីនេះ គឺសម្រាប់ខេត្តមណ្ឌលគិរី បានស្រាវជ្រាវរកឃើញ៦ក្រុមហ៊ុនមានភាពមិនប្រក្រីពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើ។ ក្នុងនោះបំផ្លាញរថយន្ត នៅមណ្ឌលគិរី២១គ្រឿង នៅរតនគិរី២គ្រឿង និងនៅស្ទឹងត្រែង៦គ្រឿង ។

លោកបញ្ជាក់ថា ការបំផ្លាញធ្វើឡើងនៅក្នុងព្រៃដោយប្រើម្ស៉ៅតេអិនតេ ដាក់បំផ្ទុះចោរតែម្តង។ក្នុងដំណាក់កាលនេះ គឺយើងបង្ក្រាបឈើបាន១៧០០ម៉ែត្រគូប

សូមបញ្ជាក់ថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដោយមាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសជាប្រធាន និង លោក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ព្រមទាំងមានសមាជិកមកពីក្រសួងបរិស្ថាន ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមទាំងអភិបាលរាជធានី-ខេត្តផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post