
ភ្នំពេញៈ យុវជនប្រុសស្រី៣នាក់ បានរងរបួសធ្ងន់ស្រាល ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម ហៅកង់បីដឹកយកទៅព្យាបាលរបួសមន្ទីរពេទ្យ បន្ទាប់ពីពួកគេទាំង៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា យ៉ាងលឿនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីក្រោយរថយន្ត កាមរីមួយគ្រឿង បើកស៊ីញ៉ូបត់ឆ្លងត្រលប់ក្រោយ ចំហៀងខាងស្ដាំពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោង៧៖៤០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩ ត្រង់ចំណុចមុខ (អតីតចំណតរថយន្តចាក់អង្រែ) លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ច ដែលឃើញហេតុការណ៍ផ្ទាល់ បានរៀបរាប់ប្រាប់ភ្នាក់ងារ ខេមប៉ុស្តិ៍ ដឹងថា មុនពេលកើតហេតុ គាត់បានឃើញ រថយន្តមួយគ្រឿងម៉ាក TOYOTA CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-8374 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង ក្នុងលឿនធម្មតា ខណៈមកជិតដល់ចំណុចកើតហេតុ រថយន្តបានបើកស៊ីញ៉ូបត់ឆ្លងត្រឡប់ក្រោយវិញ តែទាន់បានបត់ផង ស្រាប់តែមានយុវជនប្រុសស្រី ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសាគីនិច (Suzuki Nex) ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AD-2731 ធ្វើដំណើរស្របទិសគ្នា ពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ហើយចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកគូទរថយន្តខាងលើពេញទំហឹង បណ្តាលឲ្យបោកផ្ទប់ជាមួយរថយន្ត ដួលបោកនឹងថ្នល់ រងរបួសធ្ងន់ស្រាលទាំង៣នាក់។
កម្លាំងល្បាតប៉ុស្តិ៍ ចាក់អង្រែក្រោម បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងល្បាតប៉ុស្តិ៍ បានចុះទៅកន្លែងកើតហេតុភ្លាម ហើយភាគីទាំងសងខាង សុំធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ហើយកម្លាំងល្បាតក៏បានរាយការណ៍ហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះ តែពុំមានខាងណាឆ្លើយតបឡើយ។ បន្ទាប់ពីភាគីទាំងសងខាងធ្វើការ ចរចារសម្របសម្រួលគ្នារួច បានប្រាប់សមត្ថកិច្ចថា ចាត់ទុកថា ស្មើគ្នា ដោយខាងរថយន្ត មិនទាមទារសំណង់អ្វីទេ គ្រាន់តែសុំយករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លនឯងប៉ុណ្ណោះ ចំណែកឯភាគីខាងម៉ូតូ ក៏មិនទាមទារសំណងអ្វីដែរ គ្រាន់តែសុំនាំគ្នាទៅមន្ទីរពេទ្យប៉ុណ្ណោះ យល់ព្រមបញ្ចប់រឿងនៅចំពោះមុខសមត្ថកិច្ចតែម្ដង។
ក្រោយកើតហេតុ ខណៈសមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់ទាំងរដ្ឋ ទាំងឯកជនមិនមានការឆ្លើយតប និងមិនលើកទូរស័ព្ទទៀត កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែក្រោម បានជួយហៅរ៉ឺម៉កកង់បីមួយគ្រឿងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ៕











