មណ្ឌលគិរីៈ យុវជនម្នាក់ ព្រោះតែចង់បានប្រពន្ធ និងត្រូវម្តាយឪពុកស្តីបន្ទោសអោយ បានសម្រេចចិត្តយ៉ាងតក់ក្រហល់ ដោយប្រើខ្សែចងកធ្វើអត្តឃាតតែម្តង។ ករណីនេះ បានកើតឡើងនៅព្រលឹមថ្ងៃទី៨ ខែកក្កដា ក្រោយវិហារយេស៊ូគ្រីស្ត ក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អធិការនគរបាលក្រុងសែនមនោរម្យ លោកវរសេនីយ៍ឯក កាន់ ពេញ បានអោយដឹងថា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៦៖២០នាទីព្រឹក នៅចំណុចភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីអត្តឃាតដោយចងកមួយករណី ក្រោយវិហារយស៊ូគ្រីស្ត ឬអង្គការដំណឹងល្អទាំង៤។
លោក បញ្ជាក់ថា ករណីនេះ នគរបាលក្រុងសែនមនោរម្យ បានធ្វើការពិនិត្យសាកសពភ្លាមៗ និងមិនបានរកឃើញស្លាកស្នាមអ្វីក្រៅពីស្នាមជាំនៃខ្សែចងកនោះឡើយ។
លោកបន្ថែមថា ជនរងគ្រោះឈ្មោះ រៀម លីថូ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំខាងលើ។ មូលហេតុដែលគេចងកសម្លាប់ខ្លួននេះ ព្រោះខឹងឪពុកម្តាយស្តីបន្ទោសរឿងដើរលេងយប់ និងមិនដណ្តឹងប្រពន្ធ ដែលខ្លួនស្រលាញ់ឲ្យ។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សព ជូនក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕