
ភ្នំពេញៈ ស្រ្តីម្នាក់ ប្រកបរបររកស៊ីលក់ផ្លែឈើតាមរ៉ឺម៉កខំក្រោកពីយប់ ទិញផ្លែឈើដាក់រទេះលក់ តែត្រូវចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបបានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង៤៖១០នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរ៉ឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងអួលដើមកថា មុនពេលកើតហេតុ រូបគាត់បើករ៉ឺម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយ រួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសម្រេច។
ស្រ្តីរងគ្រោះ បន្តថា ពួកចោរបានព្យាយាមជិះរត់គេចសំដៅទៅតាមផ្សារដើមគរ រូបគាត់ក៏បើករឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់ អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ។ ក្នុងកាបូបមានលុយខ្មែរ និងដុល្លារសរុបជាងមួយពាន់ដុល្លារ ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កត្រលប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថា បងៗសមត្ថកិច្ចប៉ុស្តិ៍ប្រហែលគាត់ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅ បានជាមិនទាន់ចេញល្បាត ពេលមកដល់ បែរជាឃើញបន្សល់វង់ផឹកស៊ីសំបកស្រាបៀរពាសពេញមុខប៉ុស្តិ៍។
ក្រោយមកសមត្ថកិច្ចបានជួបសាកសួរស្រ្តីរងគ្រោះ ធ្វើពាក្យបណ្ដឹង ដើម្បីស្វែងតាមចាប់ចោរ ។
បើតាមប្រភពក្បែរៗនោះ បានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ?៕




