header ads

Sponsor

ភ្នំពេញ៖  លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយឆបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់វិនិយោគទិញភាគហ៊ុន នឹងទទួលបានផលចំណេញច្រើនត្រឡប់មកវិញ។ 

ជនសង្ស័យខាងលើឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃនេះ ក្រោយចាប់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត បានអះអាងថា ការចាប់ខ្លួននេះក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ និងមានការបញ្ជាណែនាំពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌ និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ទៀតថា ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូលឲ្យជនរងគ្រោះជាច្រើននាក់ ដាក់ប្រាក់វិនិយោគលើការជួញដូរ រូបិយប័ណ្ណអន្ដរជាតិ (Forex Trading) ដោយអះអាងថា នឹងទទួលបានប្រាក់ចំណេញខ្ពស់។ ប៉ុន្ដែក្រោយមក ជនសង្ស័យបានយកប្រាក់ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់។

បើតាមលោកអនុប្រធាននាយកដ្ឋាន ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណជនសង្ស័យខាងលើ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ទើបបានបញ្ជូនមកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post