Sponsor

កំពង់ឆ្នាំងៈ អគ្គនាយកវិទ្យុ រិទ្ធិសែន និងជាចាងហ្វាងគេហទំព័ររិទ្ធិសែនព័ត៌មាន លោក សុខ ឧត្តម នៅព្រឹកថ្ងៃទី២៧ ខែសីហា ២០១៩ បានចូលមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ជាលើកទី២ តាមការណាត់ជួបរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ដើម្បីយកវត្ថុតាងមកដោះបន្ទុកបន្ថែម លើសំណុំរឿងបណ្ដឹងរបស់លោក លន់ ឡន ហៅឡុង  ដែលអ្នកខេត្តកំពង់ឆ្នាំង គេស្គាល់ថា ជាមេការរបស់លោកឧកញ៉ា សុខ ប៊ុន ដែលបានប្ដឹងចោទពីបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ។

នៅព្រឹកនោះផងដែរ គេមើលឃើញថា មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ មកពីបណ្តាភូមិឃុំនានា ដែលរងគ្រោះដីធ្លីបានមកគាំទ្រ និងលើកទឹកចិត្តដល់លោក សុខ ឧត្តម ដែលជាអ្នកធ្លាប់បានជួយពួកគាត់ ក្នុងទំនាស់ដីធ្លី ជាមួយលោក លន់ ឡង ហៅ ឡុង មេការលោកឧកញ៉ា សុខ ប៊ុន កន្លងមក។

ក្រោយចេញពីបន្ទប់ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តជាច្រើនម៉ោងវិញ លោក សុខ ឧត្តម ត្រូវបានផ្ដល់កិច្ចសម្ភាសន៍ថា លោកមកថ្ងៃនេះ គឺជាលើក២ហើយ ដើម្បីយកវត្ថុតាងមួយចំនួនពាក់ព័ន្ធទៅនឹងការប្ដឹងចោទប្រកាន់របស់លោក លន់ ឡន ហៅឡុង ជាមេការរបស់លោកឧកញ៉ា សុខ ប៊ុន។

ក្នុងនោះឯកសារដែលបានដាក់បន្ថែម ជូនតុលាការនៅថ្ងៃនេះ មានដូចជាករណី លោក ឡុនឡន ហៅឡុង បានហៅមន្ត្រីកងរាជអាវុធហត្ថខេត្ត ទៅចាប់ប្រជាពលរដ្ឋ និងត្រាក់ទ័រ កំពុងព្យួរដី១៨ហិកតា របស់ប្រជាពលរដ្ឋ  ឯកសារលោក ឡុង បង្ខំអោយមេភូមិនិរាករណ៍ លើដីប្រជាពលរដ្ឋ ១៨ហិកតា , ឯកសារលោកមេភូមិម្នាក់ ទើបតែឡើងតំណែងជាមេភូមិឆ្នាំ២០១៨ តែមានឈ្មោះចុះហត្ថលេខា លើឯកសាដីធ្លីក្នុងនាមជាមេភូមិនៅឆ្នាំ២០១២ , និងឯកសារ លោក លន់ ឡន ហៅ ឡុង សុំលិខិតស្តារប្រឡាយ ចុះហត្ថលេខាពីថ្នាក់ក្រោម តែពេលយកទៅថ្នាក់លើ កែជាលិខិតសុំកាន់កាប់ដីធ្លីទៅវិញជាដើម។

ក្រៅពីនោះ លោកបានរកឃើញ លិខិតបដិសេធរបស់មេធាវី លោកឧកញ៉ា សុខ ប៊ុន ដែលបច្ចុប្បន្ន កំពុងជាប់ពន្ធ​នាគារ បានបដិសេធថា លោក លន់ ឡន ហៅ ឡុង មិនមានជាមេការលោក ឧកញ៉ា សុខ ប៊ុន នោះទៀតឡើយ។

លោកសង្ឃឹមថា ឯកសារទាំងនោះ និងជាភស្តុតាង កត្តិយុទ្ធសម្រាប់ ដោះបន្ទុក លើសំណុំរឿងបណ្តឹងរបស់លោក លន់ ឡង ហៅឡុង ជាពុំខាន ។

ជាមួយគ្នានេះដែរ លោក សុខ ឧត្តម បានស្រង់សំដីព្រះរាជអាជ្ញារង អមសំលាដំបូងខេត្ត លោក ឡុង ស៊ីថា  ដែលបានបញ្ជាក់ថា ការកោះអញ្ជើញគាត់មកសាកសួរនៅពេលនេះ គឺធ្វើតាមផ្លូវច្បាប់តែប៉ុណ្ណោះ បើរកឃើញថា គ្មានពិរុទ្ធភាពគ្រប់គ្រាន់នឹងមិនធ្វើការចោទប្រកាន់ឡើយនោះទេ។

ជុំវិញករណីនេះ ភ្នាក់ងារ CAM POST មិនអាចសុំការបំភ្លឺពីលោក លន់ ឡន ហៅឡុង បានទេ ប៉ុន្តែបើយោងតាមបណ្តឹងរបស់លោក លន់ ឡន ហៅ ឡុង បានប្តឹងលោក សុខ ឧត្តម ទៅកាន់តុលាការពីបទញុះញង់ និងបរិហារកេរ្តិ៍ ជាសាធារណៈ ដែលបានប្រព្រឹត្តឡើងកាលពីចុងឆ្នាំ២០១៨ នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ គ្រាដែល លោក សុខ ឧត្តម បានចុះទៅផ្សាយបន្តផ្ទាល់រឿងទំនាស់ដីធ្លី។  

គួររំឭកថា នៅក្នុងអំឡុងចុងឆ្នាំ២០១៨ លោក សុខ ឧត្តម រួមទាំងអ្នកសារព័ត៌មានមួយចំនួនទៀត ត្រូវបានប្រជាពលរដ្ឋហៅឱ្យទៅជួយផ្សព្វផ្សាយអំពីទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយ នឹងមេការរបស់លោកឧកញ៉ា សុខ ប៊ុន គឺលោក លន់ ឡន ហៅឡុង។

ប៉ុន្តែក្រោយពីការផ្សព្វផ្សាយរបស់លោក សុខ ឧត្តម ក៏ត្រូវបានលោក ឡុន ឡន ហៅឡុង មេការរបស់លោកឧកញ្ញ៉ា សុខ ប៊ុន ប្ដឹងពីបទញុះញង់ និងបរិហារកេរ្តិ៍ជាសាធារណៈ។ រឿងទំនាសដីធ្លីរវាងប្រជាពលរដ្ឋ និងមេការរបស់លោកឧកញ្ញ៉ា សុខ ប៊ុន មានរាប់ឆ្នាំក្លាយជាជំងឺ​រ៉ាំរ៉ៃរាប់ឆ្នាំមកហើយ គ្មានថ្នាំព្យាបាលនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor