
កណ្ដាល៖ កាលពីវេលាម៉ោង ១៩ និង០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៩ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីផឹកស្រាស្រវឹងរួចកើតចិត្តខឹងនឹងប្រពន្ធដែលមិនសូវមកលេង ក៏ដុតផ្ទះខ្លួនឯងចោល ត្រង់ចំណុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ មៀង ធីចាង ភេទស្រី អាយុ៣៥ ឆ្នាំ ជនជាតិ វៀតណាម មានទីលំនៅភូមិ-ឃុំកើតហេតុ (ប្រពន្ធ) ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះង្វៀង យុំាងយ៉ែរ ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ នេសាទត្រី មានទីលំនៅភូមិ-ឃុំកើត ហេតុ (ប្ដី) ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យ បានទិញស្រាថ្នាំចំនួន ១លីត្រកន្លះផឹកជាមួយអ្នកភូមិចំនួន ០២នាក់ទៀតពេលផឹកអស់ស្រាជនសង្ស័យបានទៅទិញស្រាថ្នាំចំនួនកន្លះលីត្ររួចហើយដើរទៅលើបែលើទឹករបស់ខ្លួនដែលស្ថិតនៅក្នុងទន្លេ ពេលទៅដល់លើបែក៏ផឹកស្រានោះបន្ថែមទៀត ក្រោយមកជនសង្ស័យ នឹកឃើញប្រពន្ធខ្លួនមិនសូវមកដេកផ្ទះ និងឧស្សាហ៍ទៅលេងបៀរ ក្នុងខណៈ នោះបានកើតមានកំហឹងបានយកដែកកេះអុជជក់បារី និងបោះកន្ទុយបារីទៅលើវាំងនន បណ្តាលឲ្យ រាលឆាបឆេះដល់ជញ្ជាំងផ្ទះធ្វើឲ្យឆេះខូចខាតអស់ទាំងស្រុងតែម្តង។
បន្ទាប់មកកម្លាំងប៉ុស្តិ៍សហការជាមួយកម្លាំងផ្នែកជំនាញចុះទៅកន្លែងកើតហេតុបាននាំខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរ និង បន្តចាត់ការតាមនីតិវិធី។
បញ្ជាក់៖ ករណីនេះ ប្រពន្ធ សុំមិនប្ដឹងហើយសំណូមពរ ឲ្យអប់រំប្ដី នៅត្រឹមថ្នាក់ស្រុក ។


